ការចរចាតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅតែបន្តទាល់ច្រកដដែលនាថ្ងៃសុក្រសប្តាហ៍នេះ។ ភាគីតំណាងកម្មករ និងភាគីថៅកែរោងចក្រ នៅតែប្រកាន់ជំហររៀងៗខ្លួននៅក្នុងជំនួបលើកទី២ កាលពីដើមសប្តាហ៍ ដោយមិនទាន់មានលទ្ធផលផ្លែផ្កាអ្វីនៅឡើយទេ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែកញ្ញា គឺជាជំនួបលើកទី៣ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ដើម្បីជជែកគ្នារឿងប្រាក់ឈ្នួលអប្បបរមាកម្មកររោងចក្រសម្រាប់ឆ្នាំ២០២៧។ គិតមកទល់ពេលនេះ ក្រុមប្រឹក្សាជាតិបានជួបប្រជុំគ្នាសរុបចំនួន ៨លើកមកហើយ ក្នុងនោះមានជំនួបត្រីភាគីចំនួន ៣លើក ជំនួបទ្វេភាគីរវាងភាគីកម្មករនិងភាគីថៅកែ ១លើក ជំនួបផ្ទៃក្នុងភាគីកម្មករ ៣លើក និងជំនួបផ្ទៃក្នុងភាគីថៅកែ ១លើក។
នៅក្នុងជំនួបទាំងនោះ ភាគីតំណាងរាជរដ្ឋាភិបាលបានធ្វើជាអ្នកសម្របសម្រួល ដោយបានពន្យល់បកស្រាយពីលក្ខណៈវិនិច្ឆ័យផ្នែកសង្គម និងសេដ្ឋកិច្ច សម្រាប់យកមកពិចារណាក្នុងការកំណត់ប្រាក់ឈ្នួល។ មន្ត្រីបានឱ្យដឹងថា តំណាងភាគីកម្មករភាគច្រើនបានស្នើសុំដំឡើង ១៥,៣ ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលប្រចាំខែកើនដល់ ២២៥,៣ ដុល្លារ ហើយក៏មានតំណាងខ្លះទៀតចង់បានរហូតដល់ ២៥០,៦ ដុល្លារផងដែរ។ រីឯភាគីថៅកែវិញ នៅតែប្រកាន់ជំហររក្សាតួលេខ ២១០ ដុល្លារដដែលដូចបច្ចុប្បន្ន។ ចំពោះជំនួបបន្ទាប់ ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះ។




