នៅថ្ងៃទី ២៣ និង ២៤ ខែកញ្ញាខាងមុខនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំអន្តរជាតិដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីរួមគ្នាកម្ទេចបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងព្រឹត្តិការណ៍នេះ មានតំណាងមកពីជាង ២០ ប្រទេស រួមទាំងអង្គការអន្តរជាតិធំៗចំនួន ៣ នឹងមកជួបជុំគ្នា ដើម្បីពិភាក្សារកវិធីដោះស្រាយបញ្ហាឆបោកអនឡាញដែលកំពុងតែរីករាលដាលខ្លាំង។

សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមអនឡាញ ព្រោះបញ្ហានេះមិនមែនកើតឡើងតែនៅកម្ពុជានោះទេ ប៉ុន្តែជាវិបត្តិសកលដែលប្រទេសជាច្រើនជុំវិញពិភពលោកកំពុងឈឺក្បាលដូចគ្នា។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាខ្លួនឯងក៏ជាជនរងគ្រោះនៃបទល្មើសនេះដែរ ហើយពេលនេះកម្ពុជាកំពុងចាប់ដៃសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាច្រើនដូចជា ចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី ដើម្បីរួមគ្នាកម្ទេចក្រុមឆបោកទាំងនេះឱ្យអស់។

ជាមួយគ្នានេះដែរ លោក ហៃ ម៉ាការ៉ា មកពីមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន បានលើកឡើងថា បទល្មើសឆបោកតាមអ៊ីនធឺណិតនេះ មានការជំពាក់ជំពិនគ្នាច្រើនជាមួយបទល្មើសជួញដូរមនុស្ស និងការលាងលុយកខ្វក់ ដែលធ្វើឱ្យបញ្ហានេះមានភាពស្មុគស្មាញខ្លាំង។ មន្ត្រីម្នាក់ទៀតក៏បានបន្ថែមដែរថា កិច្ចប្រជុំនេះជាឱកាសដ៏ល្អសម្រាប់មន្ត្រីជាន់ខ្ពស់ អ្នករៀបចំគោលនយោបាយ និងកងកម្លាំងអនុវត្តច្បាប់មកពីប្រទេសផ្សេងៗ បានអង្គុយជជែកគ្នាដោយផ្ទាល់ ដើម្បីចែករំលែកបទពិសោធន៍ និងស្វែងរកដំណោះស្រាយល្អៗក្នុងការបង្រ្កាបបទល្មើសនេះឱ្យមានប្រសិទ្ធភាព។