បើមិនបានឆ្លងកាត់ស្រុកខ្មែរកាលពីមុនទេ ប្រហែលជាពិបាកស្រមៃណាស់ថា កាលណោះស្រុកយើងខ្វះភ្លើងអគ្គិសនីប្រើប្រាស់ខ្លាំងប៉ុណ្ណា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា កាលពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ប្រជាជននៅទូទាំងប្រទេសដែលមានភ្លើងអគ្គិសនីប្រើ មានមិនដល់ ១០ភាគរយផង។ កាលណោះ ឱ្យតែដល់ពេលយប់ឡើង ក្រៅពីកន្លែងមួយចំនួនតូច តាមភូមិ និងតាមផ្លូវភាគច្រើនគឺងងឹតឈឹងតែម្តង។
ប៉ុន្តែឥឡូវនេះ អ្វីៗប្រែប្រួលខុសគ្នាស្រឡះ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានបញ្ជាក់ថា សព្វថ្ងៃនេះ ស្ទើរតែគ្រប់ទិសទីនៅកម្ពុជាសុទ្ធតែមានភ្លើងប្រើប្រាស់ ហើយថាមពលស្អាតក៏កំពុងតែត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ដែលជួយជម្រុញការអភិវឌ្ឍរោងចក្រសហគ្រាសឱ្យកាន់តែរីកចម្រើន។ ពីមុន សូម្បីតែដោតកង្ហារមួយប្រើក៏ពិបាក តែឥឡូវតាមរោងចក្រនានាមានភ្លើងភ្លឺច្បាស់ ម៉ាស៊ីនរត់បានជុំទល់ភ្លឺ ដែលនេះជាការផ្លាស់ប្តូរយ៉ាងធំធេង។
ពេលយប់ឡើង ដើរតាមដងផ្លូវ ឃើញអំពូលភ្លើងព្យួរខ្ពស់ៗតាមតូបលក់ដូរតាមចិញ្ចើមថ្នល់ តាមបន្ទប់ជួលមានសំឡេងកង្ហារ និងម៉ាស៊ីនត្រជាក់ដើររហឹម ឯតូបលក់កាហ្វេទឹកកកតាមកែងផ្លូវក៏មិនបាច់អង្គុយលក់ទាំងងងឹតទៀតដែរ។ ឈរមើលពន្លឺភ្លើងផ្សាររាត្រី ច្របូកច្របល់ជាមួយផ្សែងម៉ូតូ ហើយនឹកឃើញកាលពីមុនដែលមានអ្នកបានប្រើភ្លើងមិនដល់មួយភាគដប់ផងនោះ ទើបដឹងថា លុះត្រាតែមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់បែបនេះ ទើបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើងពិតជាមានជីវិតជីវ៉ា និងរស់រវើកឡើង។




