ព្រឹកមិញនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យមើលឃ្លាំងរក្សាវត្ថុតាងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយផ្ទាល់។ ដោយសារមួយរយៈចុងក្រោយនេះ សមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញយ៉ាងក្ដៅគគុក ទើបធ្វើឱ្យឃ្លាំងរក្សាវត្ថុតាងកើនឡើងយ៉ាងច្រើន ហើយការចុះទៅលើកនេះ គឺដើម្បីពិនិត្យមើលសម្ភារស្កេកស្កះដែលទើបតែរឹបអូសបានបន្ថែម។

ឱ្យតែពេលកម្លាំងសមត្ថកិច្ចចុះបំបែកសម្បុក ឬបង្ក្រាបទីតាំងឆបោកអនឡាញម្ដងៗ តែងតែរឹបអូសបានវត្ថុតាង និងឧបករណ៍ប្រើប្រាស់ជាច្រើនសន្ធឹកសន្ធាប់ ដឹកតាមឡានយកមកប្រមូលទុក។ ទាំងអាជ្ញាធរ និងសារព័ត៌មានក្នុងស្រុក ក៏ធ្លាប់បានឱ្យដឹងដែរថា ប្រតិបត្តិការបង្ក្រាបនេះនៅតែបន្តធ្វើឡើងយ៉ាងសស្រាក់សស្រាំ។ ពេលបើកទ្វារឃ្លាំងមើលព្រឹកមិញ សម្ភារ និងឧបករណ៍បច្ចេកវិទ្យាចម្រុះដែលប៉ូលិសដកហូតបានភ្លាមៗពីទីតាំងបង្ក្រាបនាពេលកន្លងមក ត្រូវបានរៀបចំទុកដាក់យ៉ាងត្រឹមត្រូវ។

សព្វថ្ងៃនេះ នៅតាមដងផ្លូវក្នុងក្រុងភ្នំពេញ គេតែងតែឃើញឡានប៉ូលិសបើកផ្លូវ និងស៊ីរ៉ែនបន្លឺឡើងជាញឹកញាប់ ហើយនៅតាមតូបកាហ្វេជើងកែវ និងកន្លែងជួបជុំផ្សេងៗ ប្រជាពលរដ្ឋតែងតែលើកយកប្រធានបទសមត្ថកិច្ចចុះឆែកឆេរតាមទីតាំងសង្ស័យមកជជែកគ្នាជារឿយៗ។ ការដែលលោកស្នងការ ជួន ណារិន ចុះទៅពិនិត្យមើលឃ្លាំងវត្ថុតាងដោយផ្ទាល់បែបនេះ បង្ហាញយ៉ាងច្បាស់ថា យុទ្ធនាការបោសសម្អាតបទល្មើសអនឡាញកំពុងតែធ្វើឡើងយ៉ាងម៉ឺងម៉ាត់ ហើយកម្លាំងសមត្ថកិច្ចមុខជាត្រូវមមាញឹកបន្តទៀតជាមិនខាន។