កាលពីព្រឹកថ្ងៃទី២១ វេលាម៉ោងប្រហែល ១០:៤០ នាទី កម្លាំងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ និងក្រុងសិរីសោភ័ណ បានបើកប្រតិបត្តិការក្តៅៗ ចុះឆែកឆេរផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ដែលរងការសង្ស័យថាជាកន្លែងលួចបើកប្រប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ ប្រតិបត្តិការនេះមានការដឹកនាំដោយផ្ទាល់ពីលោកអភិបាលរងខេត្ត រួមដំណើរដោយលោកអភិបាលក្រុង កម្លាំងនគរបាល កងរាជអាវុធហត្ថ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។

ក្នុងការចុះឆែកឆេរនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ (ក្នុងនោះមានស្រ្តី ២ នាក់) ព្រមទាំងរឹបអូសបានសម្ភារបម្រើឱ្យបទល្មើសមួយចំនួន រួមមានកុំព្យូទ័រ ៣ គ្រឿង និងទូរស័ព្ទដៃ ៣ គ្រឿង។ វត្ថុតាងកុំព្យូទ័រ និងទូរស័ព្ទទាំងនេះ ត្រូវបានប្រគល់ជូនមន្ត្រីជំនាញកោសល្យវិច័យ និងបទល្មើសបច្ចេកវិទ្យាដើម្បពិនិត្យស្រាវជ្រាវបន្ត រីឯមនុស្សទាំង ៣ នាក់ ត្រូវបានបញ្ជូនទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីបង្ក្រាបទីតាំងទីមួយនេះហើយ កម្លាំងចម្រុះមិនទាន់ឈប់នៅឡើយទេ ដោយបានបន្តទៅពិនិត្យទីតាំងសង្ស័យ ២ កន្លែងផ្សេងទៀត នៅតាមដងផ្លូវក្នុងក្រុងសិរីសោភ័ណ ប៉ុន្តែនៅទីតាំងពីរក្រោយនេះ មិនបានរកឃើញអ្វីខុសច្បាប់ឡើយ។ ផ្ទះជួលនៅតាមក្រុងព្រំដែនបែបនេះ មើលពីក្រៅទៅស្ងប់ស្ងាត់ធម្មតាទេ ប៉ុន្តែឱ្យតែទាញវាំងននបិទជិត គឺអាចក្លាយជាកន្លែងលួចប្រព្រឹត្តបទល្មើសភ្លាម ហើយលើកនេះ គ្រាន់តែសមត្ថកិច្ចក្ដាប់បានតម្រុយភ្លាម ក៏ចុះទៅដល់ច្រកទ្វារផ្ទះតែម្ដង។