មន្ត្រីរដ្ឋបាលព្រៃឈើខេត្តក្រចេះ កាលពីយប់ថ្ងៃទី២០ ខែកញ្ញា បានចុះឆ្មក់បង្រ្កាប និងឃាត់បានរថយន្តដឹកធ្យូងខុសច្បាប់មួយគ្រឿង នៅជិតស្នាក់ការរដ្ឋបាលព្រៃឈើកន្តួត។

ការចុះបង្រ្កាបភ្លាមៗនេះ ធ្វើឡើងតាមបញ្ជាពីថ្នាក់លើ បន្ទាប់ពីមានព័ត៌មានរិះគន់ថា អាជ្ញាធរនៅតំបន់នោះធ្វើការធូររលុង បណ្តោយឲ្យគេលួចដឹកជញ្ជូនខុសច្បាប់ប្រមូលលុយខ្មៅស្រួលៗ។

តាមពិតទៅ អ្នកស្រុកអ្នកភូមិដឹងពេញត្រចៀកហើយថា រាល់ថ្ងៃមានឡានដឹកធ្យូងចេញពីក្នុងភូមិមិនដាច់ទេ។ អ្នកដឹកខ្លះចេះរត់ការបង់លុយមុន ដល់ពេលបើកឆ្លងកាត់ក៏រលូន គ្មាននរណាហ៊ានពាល់ឡើយ។ ប៉ុន្តែបើឡានណាអត់បានរត់ការបង់លុយទេ ប្រាកដជាត្រូវប្រយ័ត្នខ្លួន ក្រែងគេចាប់។

ប្រតិបត្តិការលើកនេះ ដឹកនាំដោយលោក ត្រី ម៉េងលាង ដោយលោកមិនបានប្រាប់មន្ត្រីក្នុងតំបន់ឲ្យដឹងមុនឡើយ គឺចុះទៅឆែកឆេរភ្លាមៗតែម្តង។ ជាលទ្ធផល ឃាត់បានឡានមួយគ្រឿង រឯឡានផ្សេងទៀតដឹងខ្លួនទាន់ ក៏បើករត់គេចអស់ទៅ។ បច្ចុប្បន្ន ទាំងរថយន្ត និងធ្យូង ត្រូវបានសមត្ថកិច្ចដកហូតទុក ដើម្បីចាត់ការតាមផ្លូវច្បាប់។