ថ្ងៃនេះ នៅគ្រប់ច្រកល្ហកក្នុងរាជធានីភ្នំពេញ ម្នាក់ៗកំពុងតែជជែកគ្នាយ៉ាងក្តៅគគុកអំពីព័ត៌មានមួយ។ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសថា ធនាគារ ជីហ្វ (Chief Bank) ត្រូវដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ ក្នុងរយៈពេល ៣ ខែ ដោយសារតែមិនបានអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។ ធនាគារជាតិបានចាត់តាំងក្រុមហ៊ុន Baker Tilly ឱ្យធ្វើជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន ដើម្បីចូលទៅពិនិត្យមើលបញ្ជីស្នាម និងស្ថានភាពជាក់ស្តែងនៅក្នុងធនាគារនោះ ដើម្បិប្រមូលព័ត៌មានសម្រាប់រៀបចំផែនការដោះស្រាយនៅជំហានបន្ទាប់។
សម្រាប់អ្នកស្រុកយើង អ្វីដែលបារម្ភបំផុតនោះគឺលុយកាក់នៅក្នុងហោប៉ៅ។ ក្នុងអំឡុងពេលគ្រប់គ្រងបណ្តោះអាសន្ននេះ អ្នកគ្រប់គ្រងថ្មីមានសិទ្ធិផ្អាកការដកប្រាក់បញ្ញើ រួមទាំងកាត់បន្ថយការចំណាយមិនចាំបាច់ផ្សេងៗ។ មានន័យថា អ្នកដែលផ្ញើប្រាក់ចង់ដកលុយចេញ ប្រហែលជាត្រូវរង់ចាំមួយរយៈហើយ។ ប៉ុន្តែធនាគារជាតិក៏បានបញ្ជាក់ច្បាស់ៗដែរថា ទោះបីជាអ្នកផ្ញើប្រាក់ត្រូវរង់ចាំដកលុយក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលបានខ្ចីលុយធនាគារវិញ គឺត្រូវតែបន្តសងតាមកាលកំណត់ធម្មតា ត្រូវសងប៉ុន្មានសងប៉ុណ្ណោះ មិនអាចពន្យារពេលបានឡើយ។
នៅតាមផ្លូវក្នុងក្រុងយើង ដើរប៉ុន្មានរយម៉ែត្រឃើញសាខាធនាគារមួយ។ កន្លងមក បងប្អូនរត់តាក់ស៊ីអនឡាញ ឬអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ច្រើនតែយកលុយកាក់បង្វិលបន្តិចបន្តួចទៅផ្ញើទុកនៅទីនោះដើម្បីស្រួលប្រើប្រាស់។ លុះព័ត៌មាននេះធ្លាយចេញមកភ្លាម ពេលរសៀលនៅតាមតូបកាហ្វេចិញ្ចើមផ្លូវ អ្នកអង្គុយផឹកកាហ្វេទឺកកកជុំគ្នាបានលើករឿងនេះមកជជែក ទាំងមានចិត្តបារម្ភរៀងៗខ្លួន។ ក្នុងរយៈពេល ៣ ខែខាងមុខនេះ មានតែរង់ចាំមើលរបាយការណ៍វាយតម្លៃរបស់អ្នកគ្រប់គ្រងថ្មីប៉ុណ្ណោះ ថាគេនឹងដោះស្រាយយ៉ាងណាជាបន្ត។




