ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ ដោយគ្រួសាររបស់ជនរងគ្រោះឈ្មោះ លី អឺ (Li Er) រស់នៅក្រុងប៉ាវឌីង ខេត្តហេប៉ៃ ប្រទេសចិន បានពឹងពាក់ម្ចាស់គណនី Douyin ឈ្មោះ "Tianhan Fanzha" ឱ្យជួយទៅទទួលកូនរបស់ពួកគេនៅតំបន់ Keshan។ ខាងក្រុមហ៊ុនបានចាត់ឡានឱ្យទៅទទួលមនុស្សនៅ Wa Mei Ta ហើយ លី អឺ ត្រូវបានឡានសន្តិសុខអគារជូនចេញមកក្រៅ។ ប៉ុន្តែដោយសារនៅ Wa Mei Ta សេវាទូរស័ព្ទខ្សោយខ្លាំង ភាគីទាំងសងខាងក៏បានណាត់ជួបប្រគល់មនុស្សនៅម្តុំទីបញ្ជាការដ្ឋាន DKBA វិញ។
លុះពេលក្មេងឡើងជិះឡាន ហើយប្រាក់សង្រ្គោះក៏បានបង់រួចរាល់ ឡានទើបតែបើកចេញបានប្រហែល ៥នាទីប៉ុណ្ណោះ ស្រាប់តែមានឡានភាគីម្ខាងទៀតបើកដេញតាមមកកាក់ពីមុខ។ ទោះជាអ្នកបើកបរបានបង្ហាញភស្តុតាងផ្ទេរប្រាក់រួចហើយក៏ដោយ ក៏ភាគីនោះនៅតែប្រកែកថាមិនទាន់បានលុយ ហើយបានសហការជាមួយកម្លាំងប្រដាប់អាវុធ និងសន្តិសុខអគារ ចាប់ទាញយកក្មេងនោះទៅវិញដោយបង្ខំ។ ពេលគ្រួសារប្រញាប់ទាក់ទងទៅអ្នកគ្រប់គ្រងក្រុមហ៊ុន ស្រាប់តែត្រូវគេប្លុក (Block) ចោលបាត់។
នៅយប់ថ្ងៃដដែល រឿងរ៉ាវនេះបានបង្កឱ្យមានការឆោឡោ និងជជែកដេញដោលគ្នាយ៉ាងខ្លាំងនៅទីបញ្ជាការដ្ឋាន DKBA។ ខាងក្រុមហ៊ុននៅតែជែកថាមិនបានទទួលលុយ ប៉ុន្តែខាងគ្រួសារមានភស្តុតាងនៃការផ្ទេរប្រាក់ និងកំណត់ត្រាសារឆាតយ៉ាងច្បាស់លាស់។ គ្រួសារជនរងគ្រោះបានចោទសួរពីទង្វើរបស់ក្រុមហ៊ុន និងកម្លាំងប្រដាប់អាវុធនៅទីនោះ ព្រមទាំងទាមទារឱ្យមានការដោះស្រាយឱ្យបានត្រឹមត្រូវ បើពុំនោះទេ ពួកគេនឹងទម្លាយរឿងនេះឱ្យប្រព័ន្ធផ្សព្វផ្សាយ ចុះផ្សាយជាសាធារណៈមិនខាន។






