រដ្ឋាភិបាលអូស្ត្រាលីទើបតែប្រកាសកាត់បន្ថយចំនួនអ្នកអន្តោប្រវេសន៍ ដោយតម្រង់ទិសដៅខ្លាំងលើសិស្សនិស្សិតអន្តរជាតិ និងអ្នកទៅធ្វើការបណ្តើរដើរលេងបណ្តើរ (Working Holiday)។ ប៉ុន្តែ អ្វីដែលពិសេសនោះគឺ និស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន នៅតែអាចនាំប្រពន្ធកូន ឬក្រុមគ្រួសារទៅជាមួយបានដដែល ដើម្បីជួយពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង។

វិធានការថ្មីនេះ ក៏ធ្វើឡើងដើម្បីទប់ស្កាត់មិនឱ្យសិស្សលួចប្តូរមុខវិជ្ជាសិក្សា គ្រាន់តែដើម្បីបានបន្តរស់នៅក្នុងប្រទេសអូស្ត្រាលីនោះដែរ។ តាមផែនការ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៦ តទៅ រដ្ឋាភិបាលនឹងកាត់បន្ថយចំនួនអ្នកអន្តោប្រវេសន៍ចូលស្រុកពី ៣០ម៉ឺននាក់ មកត្រឹម ២៤,៥ម៉ឺននាក់ ហើយបន្ទាប់មកទម្លាក់មកសល់ត្រឹម ២២,៥ម៉ឺននាក់ក្នុងមួយឆ្នាំ។

យ៉ាងណាមិញ និស្សិតមកពីអាស៊ាន ប្រជុំកោះប៉ាស៊ីហ្វិក និងនិស្សិតថ្នាក់បណ្ឌិត (PhD) គឺទទួលបានការលើកលែង មិនប៉ះពាល់ឡើយ។ ខាងមន្ត្រីអូស្ត្រាលីបានឱ្យដឹងថា នេះជាការជួយជ្រោមជ្រែងដល់យុទ្ធសាស្ត្រក្នុងតំបន់។

ប៉ុន្តែ ក៏មានអ្នកខ្លះយល់ថា គោលនយោបាយនេះមើលទៅដូចជាមិនសូវរាប់អាន ឬរើសអើងសិស្សមកពីប្រទេសផ្សេងទៀត ហើយវាអាចធ្វើឱ្យអ្នកដែលមានគ្រួសារហើយ រេរាមិនចង់ដាក់ពាក្យទៅរៀននៅទីនោះ។

ក្រៅពីនេះ រដ្ឋាភិបាលក៏គ្រោងរឹតបន្តឹងទិដ្ឋាការធ្វើការបណ្តើរដើរលេងបណ្តើរផងដែរ ដោយកំណត់ឱ្យមនុស្សតែ ៤,៥ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលអាចពន្យារវីសាសម្រាប់ឆ្នាំទីពីរបាន គឺតិចជាងមុនច្រើន។

ទោះបីជាបច្ចុប្បន្ន អត្រាគ្មានការងារធ្វើនៅអូស្ត្រាលីនៅទាបក៏ដោយ ប៉ុន្តែវិស័យសំខាន់ៗដូចជា សំណង់ និងកសិកម្ម កំពុងខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង។ ហេតុនេះ ហើយបានជាមានការបារម្ភថា ការកាត់បន្ថយអ្នកអន្តោប្រវេសន៍ នឹងធ្វើឱ្យវិស័យទាំងនេះកាន់តែពិបាករកមនុស្សមកធ្វើការ។