នៅខេត្តក្រចេះឯណោះវិញ ចុងក្រោយនេះឃើញមានសកម្មភាពមមាញឹកគួរសម។ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តក្រចេះ បានចុះទៅដល់ស្រុកឆ្លូងដោយផ្ទាល់ ដើម្បីជួបសំណេះសំណាលជាំមួយបេក្ខជនដែលត្រូវចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ព្រមទាំងសមាជិកសាខាបក្សនៅតាមភូមិ។
ប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា គោលបំណងធំនៃការជួបជុំគ្នាលើកនេះ គឺដើម្បីរៀបចំកម្លាំងនិងរៀបជួរក្រុមការងារនៅថ្នាក់មូលដ្ឋានឡើងវិញ រួបរួមគ្នាតែមួយដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលខិតជិតមកដល់។ ការបោះឆ្នោតថ្នាក់មូលដ្ឋានបែបនេះ ទោះជាមើលទៅមិនសូវអ៊ូអរកធំដុំដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកភូមិអ្នកស្រុក អ្នកណាឡើងមកធ្វើជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជារឿងសំខាន់ណាស់សម្រាប់ជីវភាពនិងការអភិវឌ្ឍក្នុងភូមិប៉ុន្មានឆ្នាំខាងមុខ។
ឱ្យតែដល់ពេលត្រៀមបោះឆ្នោតម្តងៗ បរិយាកាសតាមដងផ្លូវ និងតាមច្រកចូលភូមិនៅក្រចេះ ចាប់ផ្តើមប្រែប្រួលប្លែក។ នៅទីនោះ សម្បូរតូបលក់ដូរតាមចិញ្ចើមផ្លូវ ម៉ូតូជិះខ្វាត់ខ្វែង ហើយការដែលថ្នាក់ដឹកនាំចុះមកដល់ស្រុកដល់ភូមិ អង្គុយប្រជុំជជែកគ្នាក្រោមផ្ទះ ឬតាមភូមិ ដើរដោះស្រាយការងារមួយៗជាមួយបេក្ខជនមូលដ្ឋានបែបនេះ គឺជាទិដ្ឋភាពជិតស្និទ្ធ និងសាមញ្ញទូទៅនៃជីវិតរស់នៅរបស់បងប្អូននៅទីនោះ។




