ខេត្តបាត់ដំបង ស្រុកសំឡូត៖ ឥឡូវនេះ ផ្លែស្តាកូទឹកដោះគោពណ៌មាស ឬដែលយើងហៅថា ផ្លែទឹកដោះគោ បានចាប់ផ្តើមប្រមូលផលបណ្តើរៗហើយ។ បងប្អូនកសិករម្ចាស់ចម្ការបានប្រាប់ឲ្យដឹងថា ត្រឹមតែពាក់កណ្តាលខែមុន ផ្លែពេញមែកទៅហើយ ដោយឡែកសម្រាប់ឆ្នាំនេះ ក្នុងចម្ការមួយនេះរំពឹងថានឹងប្រមូលផលបានប្រហែល ៣០ តោន ដែលធ្វើឲ្យពួកគាត់សប្បាយរីករាយជាខ្លាំងពេលបានឃើញទិន្នផលច្រើនបែបនេះ។
និយាយពីឈ្មោះផ្លែឈើនេះវិញ ពីមុនអ្នកស្រុកហៅថា ផ្លែទឹកដោះគោពណ៌លឿង ប៉ុន្តែឥឡូវប្តូរមកហៅថា «ផ្លែទឹកដោះគោមាសសំឡូត» វិញ។ កសិករក្នុងតំបន់បានលើកឡើងថា ស្រដៀងគ្នាទៅនឹងធុរេននៅទីនេះដែរ ដែលពីមុនហៅថា មនថង ឥឡូវប្តូរមកហៅថា «ធុរេនមាសសំឡូត» វិញ ការប្តូរឈ្មោះនេះគឺដើម្បីឲ្យអ្នកទិញស្ដាប់ទៅដឹងភ្លាមថា ជាផលផលបាត់ដំបងយើង។ ខេត្តបាត់ដំបងគឺជាខេត្តកសិកម្មដ៏ធំស្រាប់ និងមានផ្លែឈើច្រើនមុខ ដូច្នេះការដាក់ឈ្មោះតាមតំបន់បែបនេះ ធ្វើឱ្យគេងាយចាំ និងស្គាល់កាន់តែច្បាស់។
ចំពោះតម្លៃដែលប្រជាពលរដ្ឋយើងតែងតែចង់ដឹងជាងគេ គឺផ្លែទឹកដោះគោមាសនេះ មានតម្លៃលក់ដុំ និងលក់រាយក្នុងស្រុកចន្លោះពី ៣ ទៅ ៤ ដុល្លារក្នុងមួយគីឡូក្រាម។ ចម្ការនេះបានចាប់ផ្តើមដាំដុះតាំងពីឆ្នាំ ២០២២ មកម្ល៉េះ ហើយបច្ចុប្បន្ននៅលើផ្ទៃដីជិត ៣០ ហិកតា មានដើមផ្លែទឹកដោះគោជាង ១៤០០ ដើមហើយ ដែលអាចប្រមូលផលលក់បានជាផ្លូវការ។




