កន្លងមក បើចូលហាងលក់ទំនិញបន្តិចបន្តួចនៅភ្នំពេញ ដើម្បីរកទិញត្រីខកំប៉ុង គឺឃើញសុទ្ធតែទំនិញនាំចូលពីប្រទេសថៃ ឬវៀតណាម។ ប៉ុន្តែ ឥឡូវនេះរឿងនេះត្រៀមនឹងប្រែប្រួលហើយ ដោយសារតែខេត្តកែបបានសាងសង់រោងចក្រផលិតត្រីខកំប៉ុងក្នុងស្រុកដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ រោងចក្រនេះគឺជាការវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកក្នុងទំហំទឹកប្រាក់ចំនួន ៦,៦លានដុល្លារអាមេរិក នៅលើផ្ទៃដីទំហំ ១៤ហិកតា ដែលបច្ចុប្បន្នបានបំពាក់គ្រឿងបរិក្ខាររួចរាល់ និងត្រៀមបើកដំណើរការសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។ គម្រោងដំបូង គឺពួកគេនឹងផ្តោតលើការផលិតត្រីសមុទ្រសិន មុននឹងពង្រីកបន្តិចម្ដងៗទៅកាន់ត្រីទឹកសាប។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ផលិតផលត្រីខកំប៉ុងរបស់រោងចក្រនេះមានយីហោថា «ក្រយ៉ា» (Kraya) ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារជាផ្លូវការមុនដំណាច់ឆ្នាំនេះ។ អ្វីដែលកាន់តែពិសេសនោះ គឺវត្ថុធាតុដើមដែលពួកគេប្រើប្រាស់សុទ្ធតែជាផលិតផលក្នុងស្រុកទាំងអស់ ដោយត្រីត្រូវបានប្រមូលទិញពីអ្នកនេសាទនៅខេត្តកែប កំពត និងកោះកុង រួមទាំងគ្រឿងផ្សំសម្រាប់ធ្វើខកំប៉ុងក៏ជាផលិតផលក្នុងស្រុកដ៏ល្បីឈ្មោះផងដែរ ដូចជាស្ករត្នោតខេត្តកំពង់ស្ពឺ អំបิลខេត្តកែប និងម្រេចខេត្តកំពត។ ថ្នាក់ដឹកនាំរោងចក្របានឲ្យដឹងថា គោលបំណងរបស់ពួកគេគឺចង់រក្សាវត្ថុធាតុដើមក្នុងស្រុកសម្រាប់កែច្នៃក្នុងប្រទេស ដើម្បីបង្កើតត្រីខកំប៉ុងផលិតក្នុងស្រុកដែលមានស្តង់ដារអន្តរជាតិ ព្រមទាំងជួយបង្កើតការងារធ្វើបន្ថែមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

និយាយពីដើមចោទនៃការបង្កើតរោងចក្រនេះ ភាគីពាក់ព័ន្ធបានលើកឡើងថា បញ្ហាកន្លងមកជាមួយប្រទេសជិតខាងបានធ្វើឲ្យពួកយើងដឹងថា ប្រទេសយើងចាំបាច់ត្រូវតែមានសមត្ថភាពផលិតដោយខ្លួនឯង។ ការយកត្រីដែលនេសាទបាន និងគ្រឿងទេសពីចម្ការមកកែច្នៃជាផលិតផលសម្រេចក្នុងស្រុកផ្ទាល់ មិនត្រឹមតែជួយបង្កើនតម្លៃបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់លើទំនិញដែលផលិតក្នុងស្រុកផងដែរ។ យោងតាមផែនការ ក្រៅពីត្រីខកំប៉ុង ពួកគេក៏មានគម្រោងសិក្សាបន្ថែមលើផលិតផលកែច្នៃក្នុងស្រុកផ្សេងទៀត ដូចជាទឹកត្រីជាដើម ដោយត្រៀមខ្លួនរួចជាស្រេចមិនថាលក់នៅលើទីផ្សារក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេសនោះឡើយ។