នៅឃុំកណ្តោលជ្រៃ ស្រុកស្នួល ខេត្តក្រចេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានចុះជួបសំណេះសំណាលនិងប្រជុំជាមួយមន្ត្រីមូលដ្ឋាន ដើម្បីជំរុញការងារបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។ ក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ថា ការធ្វើការងារនៅមូលដ្ឋាន គឺត្រូវចុះឱ្យដល់ខ្នងផ្ទះ និងស្តាប់ឱ្យចំបញ្ហាប្រឈមរបស់ប្រជាជន ទើបការដោះស្រាយចំគោលដៅ ដោយមិនត្រូវធ្វើការងារគ្រាន់តែយកល្អមើលនោះឡើយ។

មន្ត្រីរូបនោះបានសង្កត់ធ្ងន់ថា មន្ត្រីចាស់ត្រូវបន្តចែករំលែកបទពិសោធន៍ដល់យុវជនជំនាន់ក្រោយ ខណៈយុវជនក៏ត្រូវចេះម្ចាស់ការនិងគិតគូរឱ្យបានហ្មត់ចត់ក្នុងការបំពេញតួនាទី ដូចជាការងាររដ្ឋបាល និងការបែងចែកភារកិច្ចជាដើម។ មួយវិញទៀត អ្វីដែលសំខាន់នាពេលនេះ គឺការត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការជំរុញប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ឱ្យទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ។ ម្យ៉ាងឈានដល់រឿងឯកសារពាក់ព័ន្ធផ្សេងៗ ឬការដោះស្រាយការងារប្រចាំថ្ងៃជូនប្រជាជន មន្ត្រីត្រូវរហ័សរហួនជួយអន្តរាគមន៍កុំឱ្យរាំងស្ទះ។

យោងតាមរបាយការណ៍នៅកិច្ចប្រជុំនោះ បានឱ្យដឹងថា ស្រុកស្នួលមាន ៦ឃុំ និង៤៦ភូមិ ដោយមានប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជាង ៥ម៉ឺននាក់។ ក្រុមការងារបានក្រើនរំលឹកជាថ្មីដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ការ ទប់ស្កាត់គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ដោយត្រូវអនុវត្តវិធានការឱ្យបានតឹងរ៉ឹង និងឆាប់រហ័ស។ មានតែការយកចិត្តទុកដាក់លើសុខទុក្ខ និងរឿងរ៉ាវតូចតាចរបស់ប្រជាពលរដ្ឋដូចរឿងខ្លួនឯងទេ ទើបការអនុវត្តការងារនៅមូលដ្ឋានទទួលបានជោគជ័យ។