សមត្ថកិច្ចខេត្តស្វាយរៀង ទើបតែបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតមួយកន្លែង ដែលលួចបង្កប់ក្នុងវីឡាជួលមួយខ្នង ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។ ក្នុងប្រតិបត្តិការភ្លាមៗនេះ ប៉ូលិសបានឃាត់ខ្លួនជនជាតិវៀតណាមសរុប ១៤ នាក់ ក្នុងនោះមានស្រី ៦ នាក់ ព្រមទាំងដកហូតវត្ថុតាងជាច្រើន មានដូចជា កុំព្យូទ័រអាល់អ៊ីនវ៉ាន់ (All-in-One) ក្បាលម៉ាស៊ីន CPU អេក្រង់ និងទូរស័ព្ទដៃជាច្រើនគ្រឿង។

ឥឡូវនេះ ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកឯផ្ទះវីឡាជួលដែលត្រូវគេប្រើធ្វើជាសំបុកឆបោកនោះ ក៏ត្រូវបានសមត្ថកិច្ចបិទឃ្លុំបេជាបណ្ដោះអាសន្នផងដែរ។

ប៉ុន្មានថ្ងៃនេះ អាជ្ញាធរកំពុងតែបើកប្រជុំរឿងប្រឆាំងការឆបោកយ៉ាងក្តៅគគុក ថែមទាំងមានការលើកទឹកចិត្តជារង្វាន់សម្រាប់អ្នករាយការណ៍ទៀតផង។ សមត្ថកិច្ចធ្វើក្តៅៗដៃបែបនេះហើយ នៅតែមានអ្នកហ៊ានប្រព្រឹត្តបទល្មើសចំពោះមុខប៉ូលិសទៀត។ នៅក្រុងបាវិត រាល់ថ្ងៃស្របពេលដែលអ្នកធ្វើការ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវខំប្រឹងរកស៊ីត្រឹមត្រូវដើម្បីរស់នៅដោយស្ងប់ចិត្ត បែរជាមានក្រុមមួយចំនួនចង់តែផ្លូវកាត់បែបនេះទៅវិញ។ ផ្ទះវីឡាជួលខ្លះមើលពីក្រៅឃើញបិទទ្វារស្ងាត់ច្រៀប ពិតជាមើលមិនធ្លុះមែន!