កាលពីថ្ងៃទី២២ ខែកញ្ញា អាជ្ញាធរខេត្តស្វាយរៀង និងក្រុងបាវិត បានដឹកនាំកម្លាំងចុះទៅឆែកឆេរផ្ទះវីឡាជួលមួយកន្លែងស្ងាត់ៗ នៅភូមិតាប៉ាវ សង្កាត់បាវិត ក្រុងបាវិត។ ផ្ទះមួយនេះធម្មតាឃើញតែបិទទ្វារជិតឈឹង គ្មានអ្នកណាចាប់អារម្មណ៍ថា ខាងក្នុងជាសំបុកលួចបើកប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (អនឡាញ) សោះ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ១៤នាក់ ក្នុងនោះមានស្ត្រីជនជាតិវៀតណាម ៦នាក់។ នៅកន្លែងកើតហេតុ ប៉ូលិសដកហូតបានវត្ថុតាងជាច្រើន មានដូចជា កុំព្យូទ័រ All-in-One, ក្បាលម៉ាស៊ីន CPU, អេក្រង់កុំព្យូទ័រ ព្រមទាំងទូរស័ព្ទដៃមួយកម្ពុះដែលប្រើសម្រាប់ធ្វើសកម្មភាព។ ពេលនេះ ផ្ទះវីឡានោះត្រូវបានបិទស្លាកហាមឃាត់ មិនឱ្យនរណាម្នាក់ចេញចូលទៀតឡើយ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្រុមមនុស្ស និងសម្ភារដែលដកហូតបាន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី។ នៅម្ដុំបាវិត តាមផ្លូវកៀនកោះ គេច្រើនតែឃើញផ្ទះជួលរបៀបនេះ បិទទ្វារជិតៗ ចតម៉ូតូរៀបជួរមុខផ្ទះ ដោយអ្នកជិតខាងមិនដឹងថាក្នុងផ្ទះកំពុងធ្វើអីផង រហូតដល់ឃើញឡានប៉ូលិសមកឈប់ប្រ៉ប់មុខផ្ទះ ទើបអ្នកស្រុកផ្អើលឆោឡោមកឈរមើល។






