មួយរយៈចុងក្រោយនេះ ពួកក្រុមឆបោកនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា លែងហ៊ានប្រមូលផ្តុំគ្នានៅតាមទីតាំងធំៗដូចមុនទៀតហើយ ដោយពួកវាបានបំបែកគ្នាចុះទៅពួនតាមភូមិដាច់ស្រយាលក្នុងរដ្ឋការ៉ែនវិញ។ គេថាភូមិស៊ីចាត នៅជើងភ្នំដាវណា ឥឡូវកំពុងក្លាយជាសំបុកថ្មីរបស់ពួកវាហើយ។

មន្ត្រីនៅទីនោះបានប្រាប់ថា ក្រោយពេលមានការបង្ក្រាបក្តៅគគុកលើទីតាំងធំៗរួចមក ពួកឆបោកមួយចំនួនបានរត់ទៅសម្ងំនៅតំបន់គ្រប់គ្រងដោយកងទ័ពជាតិការ៉ែន។ រឿងនេះ ខាងអាមេរិកថែមទាំងបានដាក់ទណ្ឌកម្មលើមេបញ្ជាការម្នាក់នៅទីនោះទៀតផង។

សារព័ត៌មានក្នុងស្រុកបានរកឃើញថា ពួកវាបានប្រើល្បិចរើសមនុស្សធ្វើការ ដោយយករូបភាព «ការងារឆាតជាមួយជនជាតិអាមេរិក» មកធ្វើជាធ្នាក់ ដោយគោលដៅបោកប្រាស់របស់ពួកវាមិនមែនមានតែប្រជាជនអាមេរិកនោះទេ សូម្បីតែអ្នកនៅកាណាដាក៏រងគ្រោះដែរ។ អ្នកស្រុកនៅទីនោះនិយាយទៀតថា ឥឡូវពួកវាមិនត្រឹមតែនៅតាមភូមិទេ សូម្បីតាមសណ្ឋាគារក្នុងក្រុង ក៏មានពួកវាលួចទៅសម្ងំធ្វើសកម្មភាពដែរ។