កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ កម្លាំងជំនាញនៃក្រសួងសន្តិសុខសាធារណៈឡាវ បានបើកប្រតិបត្តិការក្តៅៗ ចុះឆ្មក់ឆែកឆេរផ្លូវការនៅសណ្ឋាគារចំនួន៤កន្លែង ក្នុងរដ្ឋធានីវៀងច័ន្ទ។ សណ្ឋាគារទាំងនោះមានឈ្មោះថា Eastin, Inthad, Minta និង La Sen។ មើលពីក្រៅ ដូចជានៅមានភ្ញៀវចេញចូលធម្មតា ប៉ុន្តែពេលទ្វារបិទជិត ស្រាប់តែលាក់បាំងនូវសម្បុកបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងល្បែងស៊ីសងឆ្លងដែនទៅវិញ។

ប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ក្នុងប្រតិបត្តិការមួយក្តាប់នេះ ប៉ូលិសចាប់ខ្លួនមនុស្សបានរហូតដល់ ៤១នាក់ ក្នុងនោះមានជនជាតិថៃ ៤០នាក់ និងជនជាតិចិន ១នាក់។ ប៉ូលិសក៏បានដកហូតវត្ថុតាងមួយចំនួនធំ រួមមានទូរស័ព្ទដៃ ៦២គ្រឿង កុំព្យូទ័រយួរដៃ ២៦គ្រឿង និងអាយផេត (iPad) ៤គ្រឿង យកទៅរក្សាទុកជាបណ្តោះអាសន្ន។

បច្ចុប្បន្ន ខាងសមត្ថកិច្ចកំពុងបន្តសាកសួរចម្លើយជនសង្ស័យទាំងនោះយ៉ាងម៉ត់ចត់ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នៅលើដងផ្លូវ ឆ្នាំងស៊ុប និងតូបលក់ដូរតាមចិញ្ចើមផ្លូវនៅតែបើកលក់អ៊ូអរ ម៉ូតូជិះប្រជែងគ្នាក្រកែតៗ ប៉ុន្តែអ្នកណាទៅស្មានដល់ថា នៅពីក្រោយទ្វារបន្ទប់សណ្ឋាគារសាមញ្ញៗទាំងនោះ បែរជាមានក្រុមខិលខូចសម្ងំលួចធ្វើស៊ីឆបោកអនឡាញសោះ។ ឥឡូវសមត្ថកិច្ចបង្រ្កាបខ្លាំងណាស់ អ្នកណាដែលគិតថាសម្ងំក្នុងបន្ទប់ ប្រើកុំព្យូទ័រតែប៉ុន្មានគ្រឿងចង់មានបានលឿននោះ ប្រាកដជារត់មិនរួចឡើយ។