ប៉ុន្មានថ្ងៃមុននេះ នៅភ្នំពេញយើងមានរៀបចំវេទិកាសារព័ត៌មានមួយ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលជជែកគ្នាយ៉ាងក្តៅគគុកអំពីវិធីទប់ស្កាត់ និងបង្រ្កាបព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណិត។ លោកស្រី ជាំង ណាន (Jiang Nan) ឧបទូតនៃស្ថានទូតចិនប្រចាំកម្ពុជា ក៏បានអញ្ជើញចូលរួមដែរ ហើយលោកស្រីបានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា ព័ត៌មានបំពុល និងរឿងប្រឌិតទាំងឡាយណាដែលចង់បំបែកបំបាក់ទំនាក់ទំនងកម្ពុជា-ចិន គឺត្រូវតែបង្ក្រាបឱ្យម៉ត់ចត់បំផុត។
មួយរយៈពេលចុងក្រោយនេះ តាមបណ្តាញសង្គមមានការចែករំលែកព័ត៌មានផ្តេសផ្តាសច្រើនណាស់ ដោយខ្លះនិយយប្រឌិតថា «ទំនាក់ទំនងកម្ពុជា-ចិនចាប់ផ្តើមត្រជាក់ស្រពន់» ឬថា «គម្រោងសហប្រតិបត្តិការផ្សេងៗធ្វើទៅមុខលែងរួច» ថែមទាំងមានការកាត់តសម្តីផ្លូវការយកទៅបង្កើតជារឿងរ៉ាវខុសពីការពិតទៀតផង។ ដើម្បីឆ្លើយតបនឹងរឿងចចាមអារ៉ាមទាំងនេះ ស្ថានទូតចិនបានបង្កើតកម្រងអត្ថបទពិសេសមួយលើបណ្តាញសង្គម មានឈ្មោះថា «រឿងមិនពិត និងការពិត នៃទំនាក់ទំនងកម្ពុជា-ចិន» ដើម្បីយករឿងរ៉ាវដែលបកស្រាយខុសទាំងនោះមកលាតត្រដាង និងកែតម្រូវម្ដងមួយៗ។
និយាយឱ្យចំទៅ សម្រាប់អ្នករស់នៅទីនេះ រឿងចចាមអារ៉ាមតាមតូបកាហ្វេ តាមចិញ្ចើមផ្លូវ ឬតាមហាងអ៊ីនធឺណិត គឺមានហូរហែ ហើយព័ត៌មានបំពុលឆ្លងដែនបែបនេះបានក្លាយជាការរំខានរួមរបស់រវាងយើងទាំងអស់គ្នា។ ភាគីចិនក៏បានបញ្ជាក់ដែរថា នឹងបន្តប្រើប្រាស់មូលនិធិពិសេសឡានឆាង-មេគង្គ ដើម្បីជួយគាំទ្រដល់ក្រសួងព័ត៌មានកម្ពុជា ក្នុងការផ្ទៀងផ្ទាត់ និងត្រួតពិនិត្យព័ត៌មាន ដើម្បីរួមដៃគ្នាសម្អាតបរិយាកាសព័ត៌មានឱ្យបានស្អាតបាតឡើងវិញ។




