និយាយពីឿងឆបោកតាមអ៊ិនធឺណិតនៅអាស៊ីខាងត្បូងវិញ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅ តុលាការក្រុងអ៊ីស្លាម៉ាបាដ បានប្រកាសផ្តន្ទាទោសបុរសជនជាតិចិនម្នាក់ឈ្មោះ Bai Xiaoming រួមជាមួយជនជាតិប៉ាគីស្ថានពីរនាក់ទៀត ឱ្យជាប់ពន្ធនាគារ ៧ ឆ្នាំ ពីបទរៀបចំល្បិចឆបោកតាមបណ្តាញអ៊ីនធឺណិត។ តុលាការបានកាត់ទោសដោយបូកបញ្ចូលគ្នាតាមមាត្រា ៤២០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ១៤ នៃច្បាប់ស្តីពីការបង្ការបទល្មើសអេឡិចត្រូនិកឆ្នាំ២០១៦។ សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ករណីនេះនៅមានបក្ខពួក ៩ នាក់ទៀតកំពុងរត់គេចខ្លួន រីឯ ៣ នាក់ផ្សេងទៀតត្រូវបានដោះលែងវិញដោយសារខ្វះភស្តុតាង។
ឯល្បិចបោកវិញ មិនខុសពីអ្វីដែលយើងធ្លាប់ឮតាមតុកាហ្វេប៉ុន្មានទេ! មានបុរសម្នាក់នៅក្រុងអ៊ីស្លាម៉ាបាដ បានឃើញផ្ទាំងពាណិជ្ជកម្មក្លែងក្លាយ ជ្រកក្រោមឈ្មោះធនាគារ Barclays របស់អង់គ្លេសនៅលើ Facebook ហើយក៏ជ្រុលដៃចុចចូលទៅ។ បន្ទាប់មក គេបានប្រទាញគាត់ចូលក្នុងក្រុម WhatsApp ហើយល្បួងឱ្យទាញយកកម្មវិធី (App) វិនិយោគក្លែងក្លាយមួយ។ ដំបូងឡើយ ជនរងគ្រោះប្រយ័ត្នប្រយែងដែរ ដោយសាកដាក់លុយតែ ១២.០០០ រូពី (ប្រហែល ៤២,៨៦ ដុល្លារ) ប៉ុណ្ណោះ។ តែខាងបោកនោះបានបាញ់លុយចំណេញ ៩០០ រូពី ឱ្យវិញភ្លាមៗ! ឃើញបានផលស្រួលៗ ចាប់ផ្តើមវង្វេងស្មារតី គិតថាជួបផ្លូវរកស៊ីមានបាន ក៏ចាប់ផ្តើមបុកលុយធំៗចូលជាបន្តបន្ទាប់។ សរុបទៅ ចាញ់បោកអស់រហូតដល់ទៅ ១៩,៣៩ លានរូពី (ស្មើនឹងជិត ៧ ម៉ឺនដុល្លារ)។
លុះដល់ពេលភ្ញាក់ខ្លួនទៅប្តឹងប៉ូលីស លុយត្រូវបានគេផ្ទេររត់កាត់ច្រើនតង់បាត់ទៅហើយ។ ក្រោយប៉ូលីសតាមដានខ្សែរត់នៃលុយ ទើបឃើញថា លុយទាំងអស់បានហូរចូលគណនីបុគ្គល និងក្រុមហ៊ុនមួយចំនួន ដែលក្នុងនោះមានក្រុមហ៊ុនឈ្មោះ BXM International មានម្ចាស់គណនីឈ្មោះ Bai Xiaoming នេះឯង។
នៅទីនោះ អ្នករត់តាក់ស៊ី ឬអ្នកលក់ដូរតូចតាច ល្ងាចឡើងចេញពីធ្វើការ ចូលចិត្តអង្គុយចុចទូរស័ព្ទស្វែងរកឱកាសរកស៊ី បើប្រហែសតែបន្តិច ងាយនឹងធ្លាក់ចូលអន្ទាក់ App ក្លែងក្លាយអស់ទាំងនេះណាស់។ ស្មានតែរត់ទៅពួនធ្វើសកម្មភាពឆបោកនៅស្រុកគេហើយរួចខ្លួន ឥឡូវត្រូវដេកស៊ីបាយគុកបាត់ទៅហើយ។




