ថ្ងៃទី១១ ខែកញ្ញា ម៉ោងជិត ២ រំលងអធ្រាត្រ អធិការដ្ឋាននគរបាលខេត្តនន្ទបុរី បានទទួលទូរស័ព្ទរាយការណ៍ថា មានបុរសជនជាតិចិនហុងកុងអាយុ ២៨ឆ្នាំម្នាក់ បានធ្លាក់ពីលើសណ្ឋាគារមួយកន្លែងក្នុងតំបន់។ ជនរងគ្រោះបានធ្លាក់មកដួលផ្កាប់មុខនៅលើដីមុខមាត់ទ្វារចូលសណ្ឋាគារ ហើយពេលក្រុមសង្គ្រោះបន្ទាន់មកដល់ គឺគាត់លែងដកដង្ហើមបាត់ទៅហើយ។

បុរសរងគ្រោះឈ្មោះ ចិន ចេងលីន (Chen Chenglin) បានចូលមកស្នាក់នៅសណ្ឋាគារនេះតាំងពីចុងខែមុន ហើយគ្រោងនឹងឆែកអូត (Check out) ចាកចេញនៅថ្ងៃស្អែក។ មុនពេលកើតហេតុប្រហែលជាងពាក់កណ្តាលម៉ោង គាត់បានចុះមកក្រោមដើម្បីសុំក្រដាសនិងប៊ិចពីបុគ្គលិក ដោយប្រាប់ថាមានរឿងចង់សរសេរទុកបន្តិចបន្តួច រួចក៏កាន់ឡើងបន្ទប់វិញ។ ប៉ុន្តែ ក្រោយមកត្រឹមតែពាក់កណ្តាលម៉ោងប៉ុណ្ណោះ ក៏លឺសំឡេងកញ្ចក់បែកយ៉ាងខ្លាំងពីលើអគារ ហើយពេលបុគ្គលិកត់រត់ចេញមកមើល ឃើញថាគាត់បានធ្លាក់មកលើដីបាត់ទៅហើយ។

បុគ្គលិកសណ្ឋាគារបានប្រាប់ប៉ូលិសថា មុនពេលស្លាប់ បុរសរូបនេះធ្លាប់បានត្អូញត្អែរប្រាប់ពួកគេថា ខ្លួនត្រូវជាងម៉ាស្សាម្នាក់ជំរិតទារប្រាក់ ដោយប្លន់យកលុយអស់ពីខ្លួនគ្មានសល់។ មិនតែប៉ុណ្ណោះ ជនដៃដល់ថែមទាំងហ៊ាននិយាយឌឺដងថាឱ្យទៅប្តឹងប៉ូលិសចុះ ប៉ុន្តែចុងក្រោយគាត់មិនបានទៅប្តឹងឡើយ។ ដោយសារតំបន់នោះមានហាងច្រើន និងធ្លាប់មានអ្នកជួបរឿងឈឺក្បាលបែបនេះដែរ ពេលនេះប៉ូលិសមូលដ្ឋានកំពុងបន្តស៊ើបអង្កេតយ៉ាងលម្អិតជុំវិញមូលហេតុនៃការធ្លាក់ចុះមកក្រោមនេះ។