កាលពីអធ្រាត្រឈានចូលថ្ងៃទី១៩ ម៉ោងប្រហែល ១២ និង៣០នាទីយប់ នៅក្នុងអគារ Star Bay ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានករណីប្លន់មួយបានកើតឡើងយ៉ាងស្ងាត់ៗ។ ជនរងគ្រោះកំពុងនៅក្នុងបន្ទប់ សុខៗស្រាប់តែមានបុរសជនជាតិចិន ៣នាក់ សម្រុកចូលមកធ្វើសកម្មភាពហិង្សា និងគំរាមកំហែង បង្ខំឱ្យប្រាប់លេខកូដសម្ងាត់គណនីធនាគារ។ ដោយសារតែភ័យខ្លាចគ្រោះថ្នាក់ដល់ជីវិត ជនរងគ្រោះគ្មានជម្រើសអ្វីក្រៅពីប្រាប់លេខកូដសម្ងាត់ឡើយ។ លុយនៅក្នុងគណនីធនាគារចំនួន៣ គឺ Wing, ABA និង ACLEDA ត្រូវបានក្រុមចោរវេរចេញអស់ គិតជាប្រាក់សរុបចំនួន ៥.២៥០ ដុល្លារ។ មុននឹងរត់គេចខ្លួនបាត់ស្រមោល ក្រុមចោរនៅបានឆក់យកទូរស័ព្ទដៃមួយគ្រឿងទៀតទៅជាមួយផងដែរ។
ក្រោយទទួលបានបណ្តឹងភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានចុះស្រាវជ្រាវ និងតាមដានខ្សែរយៈសាច់ប្រាក់យ៉ាងយកចិត្តទុកដាក់ពេញមួយយប់។ រហូតមកដល់ថ្ងៃទី២០ ប៉ូលិសក៏តាមទាន់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបានចំនួន ៤នាក់។ តាមការបញ្ជាក់ពីសមត្ថកិច្ច ក្នុងចំណោម ៤នាក់នោះ គឺមាន ៣នាក់ជាអ្នកចុះដៃធ្វើសកម្មភាពប្លន់ផ្ទាល់ ហើយម្នាក់ទៀតជាអ្នកផ្តល់គណនីធនាគារសម្រាប់ទទួលលុយខ្មៅដែលប្លន់បាន។ ក្នុងប្រតិបត្តិការនេះ ប៉ូលិសដកហូតបានទូរស័ព្ទដៃចំនួន ៦គ្រឿង ទុកជាវត្ថុតាង។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបន្តការស៊ើបសួរ និងចាត់ការតាមនីតិវិធីច្បាប់។
នៅក្រុងព្រះសីហនុ សព្វថ្ងៃនេះ តាមបណ្តារ៉េស៊ីដង់ និងអាផាតមិនភាគច្រើន នៅពេលយប់ជ្រៅ តែងមានម៉ូតូឌុប និងតាក់ស៊ីចេញចូលញឹកញាប់ ហើយអ្នកស្នាក់នៅក្នុងអគារក៏មានច្រើនចម្រុះមុខ។ បងប្អូនដែលខំប្រឹងរកស៊ីយប់ព្រលប់ បើកហាងតូចតាច ឬរត់តាក់ស៊ី គឺពិតជាស្អប់ខ្ពើមណាស់ចំពោះក្រុមខូចដែលចាំតែធ្វើស៊ីជាតិសាសន៍ឯងបែបនេះ។ ដូចនេះ រស់នៅក្រៅផ្ទះ ឬនៅតំបន់នោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះលេខកូដធនាគារក្នុងទូរស័ព្ទ ត្រូវលាក់ឱ្យជិត ហើយបើមានអ្នកមកគោះទ្វារបន្ទប់នៅពេលយប់ជ្រៅ កុំអាលប្រហែសបើកឱ្យសោះ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន។




