អម្បាញ់មិញនេះ នៅម្ដុំអាផាតមិន ជៀហឺ (Jiahe) មានការផ្អើលឆោឡោពេញទី ឡានប៉ូលិសបើកមកឈប់ងក់នៅក្រោមអគារតែម្ដង។ ឮថាប៉ូលិសបានសម្រុកចូលទៅក្នុងអគារ ក្រសោបចាប់មនុស្សបានមួយក្ដាប់ និងដឹកយកទៅបាត់ភ្លាមៗនៅនឹងកន្លែង។ នៅក្នុងអគារផ្អើលឆោឡោខ្លាំង រហូតអ្នកជួលបន្ទប់ជិតខាងលួចអើតមើលតាមប្រហោះទ្វារស្ទើរគ្រប់គ្នា។

ចាប់មនុស្សរួច ប៉ូលិសនៅមិនទាន់ដកថយទៅណាទេ ឥឡូវកំពុងក្រញ៉ង់អង្គុយសម្លឹងមើលកាមេរ៉ាសុវត្ថិភាពនៅការិយាល័យគ្រប់គ្រងអគារ។ គ្នីគ្នាប៉ូលិសកំពុងឆែកមើលរូបភាពចេញចូលរបស់ក្រុមនេះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះយ៉ាងល្អិតល្អន់ម្ដងមួយផ្លង់ៗ ដើម្បីដេញតាមតម្រុយចាប់បក្ខពួកដែលរត់គេចខ្លួន។ មើលទៅ ទំនងជាមានបក្ខពួកខ្លះរួចផុតពីសំណាញ់ច្បាប់កំពុងសម្ងំលាក់ខ្លួននៅឡើយ។

និយាយទៅ ម្ដុំបន្ទប់ជួលនេះ មនុស្សម្នាចេញចូលចម្រុះគ្នាសុទ្ធតែអ្នកប្រកបរបរផ្សេងៗ ទាំងអ្នកជិះម៉ូតូ អ្នកធ្វើការវេនយប់ និងអ្នកដឹកអីវ៉ាន់។ យប់នេះ ឱ្យតែឮសំឡេងស៊ីរ៉ែនឡានប៉ូលិសបន្លឺឡើងភ្លាម អ្នកអង្គុយញ៉ាំមីឆានៅតូបតាមចិញ្ចើមផ្លូវ ដកចង្កឹះលែងរួច អើតមើលគ្រប់ៗគ្នា។ បងប្អូនដែលរស់នៅ ឬមានការងារនៅម្ដុំនោះ យប់ឡើងកុំសូវដើរចុះដើរឡើងផ្តេសផ្តាស ចាក់សោទ្វារបង្អួចឱ្យបានត្រឹមត្រូវ និងប្រយ័ត្នប្រយែងសុវត្ថិភាពផង។