អំបាញ់មិញ ពេលខ្ញុំជិះម៉ូតូឆ្លងកាត់មុខហាង V2 នៅខណ្ឌមានជ័យ ឃើញឡានក្រុងធំៗជាច្រើនគ្រឿងមកឈប់តម្រៀបគ្នានៅចិញ្ចើមផ្លូវ។ នៅជុំវិញនោះ សុទ្ធតែប៉េអឹមពាក់ឯកសណ្ឋានឈរត្រៀបត្រា មើលទៅបរិយាកាសតានតឹងមែនទែន រហូតធ្វើឱ្យអ្នកជិះម៉ូតូឆ្លងកាត់ទាំងប៉ុន្មាន សុទ្ធតែបន្ថយល្បឿន អើតកមើលទៅក្នុងគ្រប់ៗគ្នា។
មើលតាមសភាពការណ៍បែបនេះ ប្រហែលជាមានក្រុមអនឡាញខុសច្បាប់ណាមួយ ដែលលួចពួនធ្វើសកម្មភាពនៅក្បែរហ្នឹង ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទៀតហើយមើលទៅ។ លេងយកឡានក្រុងធំៗមកចតដល់មុខបែបនេះ ភាគច្រើនគឺត្រៀមដឹកមនុស្សទាំងហ្វូងចេញហើយ។ នៅម្ដុំនេះ កន្លែងខ្លះមើលពីក្រៅទៅដូចតែតូប ឬហាងលក់ដូរធម្មតាអ៊ីចឹង ប៉ុន្តែដល់ពេលគេបិទទ្វារជិត គ្មាននរណាដឹងថានៅខាងក្នុងគេធ្វើអីខ្លះទេ។
មេឃថ្ងៃរសៀលក្ដៅហែង ធុំក្លិនផ្សែងឡានហុយទ្រលោមពេញផ្លូវ សូម្បីតែអ្នកលក់ទឹកអំពៅនៅជិតហ្នឹង ក៏ឈរអើតមើលទៅខាងនោះដែរ។ សម្រាប់អ្នករស់នៅ ឬធ្វើការនៅម្ដុំនេះយូរ ឆុតបែបនេះជួបប្រទះញឹកញាប់ណាស់ គ្មានអីចម្លែកទេ អ្នកណាក៏យល់សេចក្ដីដែរ។





