មានដំណឹងថ្មីទៀតហើយពីប្រទេសមីយ៉ាន់ម៉ា ដោយរដ្ឋាភិបាលសម្រេចបន្តសុពលភាពទិដ្ឋាការពេលមកដល់ ឬ វីសាក្នុងពេលមកដល់ (Visa on Arrival) ជូនដល់ភ្ញៀវទេសចរចិន និងឥណ្ឌា រយៈពេលមួយឆ្នាំទៀត។ កាលពីថ្ងៃទី១៥ ខែកញ្ញា ក្រសួងវប្បធម៌ សណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា បានប្រកាសថា នេះគឺជាការបន្តលើកទី៣ហើយ ដែលធ្វើឱ្យគោលនយោបាយនេះមានសុពលភាពរហូតដល់ចុងខែសីហា ឆ្នាំ២០២៧។
តាមរយៈការសម្រេចនេះ ភ្ញៀវទេសចរចិនដែលចង់ជិះយន្តហោះទៅលេងមីយ៉ាន់ម៉ា គឺអាចរៀបចំខ្លួនចេញដំណើរបានយ៉ាងងាយស្រួលតែម្តង។ ពេលទៅដល់មានផ្តល់ទិដ្ឋាការជូនស្រាប់ ធ្វើឱ្យបែបបទរដ្ឋបាលកាន់តែស្រួល និងមិនបាច់ឈឺក្បាលរត់ការសុំទិដ្ឋាការទុកមុនឡើយ។ បណ្តាញសារព័ត៌មានក្នុងស្រុកបានលើកឡើងថា ការពន្យារពេលនេះ នឹងជួយឱ្យវិស័យទេសចរណ៍មីយ៉ាន់ម៉ាមានសកម្មភាពមមាញឹកឡើងវិញជាបន្តបន្ទាប់។
សម្រាប់មីយ៉ាន់ម៉ា វិស័យទេសចរណ៍គឺជាចំណុចសំខាន់ណាស់ក្នុងការជួយដល់សេដ្ឋកិច្ច។ នៅតាមដងផ្លូវ យើងតែងតែឃើញភ្ញៀវទេសចរបាតស្ពាយកាតាបធំៗ ជាពិសេសភ្ញៀវជនជាតិចិន ដែលការដើរលេង ញ៉ាំអាហារ និងការទិញទំនិញរបស់ពួកគេ បានជួយទាញកំណើនអាជីវកម្មក្នុងស្រុកបានច្រើនគួរឱ្យកត់សម្គាល់។ ប្រជាជនក្នុងមូលដ្ឋាននិយាយថា នៅពេលរដ្ឋបន្តគោលនយោបាយនេះ ពួកគាត់ទាំងអស់គ្នាសប្បាយចិត្ត ហើយមានក្តីសង្ឃឹមថាកិច្ចការរកស៊ីជួញដូរនឹងកាន់តែមានសន្ទុះឡើងវិញ។





