ប៉ុន្មានថ្ងៃនេះ នៅទីក្រុងឆ្នេរជីតាគង (Chittagong) ប្រទេសបង់ក្លាដែស មានរឿងផ្អើលធំហើយ។ ប៉ូលិសបានរុលចូលផ្ទះល្វែងកម្ពស់៨ជាន់មួយកន្លែង នៅតំបន់ឃុលស៊ី (Khulshi) ហើយឃាត់ខ្លួនជនបរទេសសរុបចំនួន ៦៣នាក់។ តាមប្រភពព័ត៌មានក្នុងស្រុក ពួកនេះរស់នៅប្រមូលផ្ដុំគ្នាជាក្រុមៗ ដោយបែងចែកជាន់គ្នាស្នាក់នៅតាមសញ្ជាតិ។ ពេលប៉ូលិសចូលឆែកឆេរដល់ក្នុងបន្ទប់ គឺរកឃើញទូរស័ព្ទដៃដល់ទៅ ១៣៤គ្រឿង កុំព្យូទ័រយួរដៃ ៥៧គ្រឿង និងឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត។ អ្វីដែលគួរឲ្យសង្ស័យខ្លាំងនោះ គឺក្នុងចំណោមមនុស្ស ៦៣នាក់នេះ អត់មាននរណាម្នាក់មានលិខិតឆ្លងដែនជាប់ខ្លួនសូម្បីតែម្នាក់ មានតែអត្តសញ្ញាណប័ណ្ណប៉ាគីស្ថាន និងប័ណ្ណការងារកម្ពុជាមួយសន្លឹកប៉ុណ្ណោះ។
ក្រុមមនុស្សទាំងនោះមានច្រើនសញ្ជាតិលាយឡំគ្នា ដោយក្នុងនោះមានជនជាតិឡាវ ៣៥នាក់ ប៉ាគីស្ថាន ២១នាក់ ចិន ៥នាក់ និងនេប៉ាល់ព្រមទាំងវៀតណាមក្នុងមួយសញ្ជាតិម្នាក់ ព្រមទាំងមានស្រ្តី ២០នាក់ និងក្មេងប្រុសម្នាក់ផងដែរ។ សមត្ថកិច្ចមានការសង្ស័យថា មានបុរសម្នាក់ឈ្មោះ ម៉ូស៊ីន (Mohsin) ជាអ្នកជួលអាគារទាំងមូលនេះ និងជាអ្នកកាន់លិខិតឆ្លងដែនរបស់ពួកគេទាំងអស់ទុក។ ពួកគេពុំដែលចេញទៅណាឆ្ងាយពីផ្ទះឡើយ ហើយប៉ូលិសកំពុងតែបើកការស៊ើបអង្កេតបន្តទៀតថា តើពួកគេចូលមកក្នុងប្រទេសបង់ក្លាដែសតាមច្រកណា និងកាន់ទិដ្ឋាការប្រភេទអ្វី។
ឃើញវត្ថុតាងជាទូរស័ព្ទ និងកុំព្យូទ័រគរដូចភ្នំដូច្នេះ ប៉ូលិសសន្និដ្ឋានថា ទីតាំងនេះគឺជាបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Scam) ដែលអាចពាក់ព័ន្ធនឹងការទិញទំនិញក្លែងក្លាយ ការបោកបញ្ឆោតយកប្រាក់ ឬការឆបោកតាមរូបភាពស្នេហាជាដើម ប៉ុន្តែលម្អិតយ៉ាងណាយើងត្រូវរង់ចាំការទាញទិន្នន័យពីអ្នកជំនាញបច្ចេកទេសសិន។ មន្ត្រីប៉ូលិសបានលើកឡើងថា ដោយសារប្រទេសឡាវ និងកម្ពុជា កំពុងរឹតបន្តឹងខ្លាំង ទើបធ្វើឲ្យពួកប្រកបរបររកស៊ីខុសច្បាប់តាមអនឡាញទាំងនោះ ចាប់ផ្តើមរើបម្រាស់ទៅរកស៊ីនៅប្រទេសបង់ក្លាដែសវិញ។ បច្ចុប្បន្ន ជនបរទេសទាំង ៦៣នាក់នេះ ត្រូវ បានសមត្ថកិច្ចកសាងសំណុំរឿងក្រោមច្បាប់សន្តិសុខអនឡាញរបស់បង់ក្លាដែស ហើយរឿងលិខិតឆ្លងដែនបាត់ទៅណា និងអ្នកណាជាមេខ្លោងនៅពីក្រោយខ្នង គឺត្រូវរង់ចាំដឹងច្បាស់តាមរយៈការសាកសួរចម្លើយបន្តទៀត។




