ថ្មីៗនេះ នៅទីក្រុងលៀនយុនកាង (Lianyungang) សម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងនឹងបទល្មើសបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត ត្រូវបានបង្កើតឡើងជាផ្លូវការហើយ។ ប្រទេសចំនួន ៤៦ បានចូលរួមជាសមាជិកស្ថាបនិក ដោយមានប្រទេសចំនួន ៣៤ ផ្សេងទៀតចូលរួមជាអ្នកសង្កេតការណ៍ ព្រមទាំងមានវត្តមានតំណាងអង្គការសហប្រជាជាតិ និងអង្គការប៉ូលិសអន្តរជាតិ (Interpol) ផងដែរ ដែលបានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ។

និយាយឱ្យចំទៅ បច្ចុប្បន្ននេះពួកឆបោកតាមអនឡាញមិនធ្វើសកម្មភាពនៅកន្លែងតែមួយដូចមុនទៀតទេ។ ការបង្ហោះទាក់ទាញ ការជជែកវាតម្លៃ ការគាំទ្រផ្នែកបច្ចេកទេស និងការលាងលុយកខ្វក់ ត្រូវបានបែងចែកទៅធ្វើនៅតាមប្រទេសផ្សេងៗគ្នា ដែលធ្វើឱ្យការស៊ើបអង្កេតសំណុំរឿងមួយៗពាក់ព័ន្ធនឹងទីតាំងច្រើន។ ប្រសិនបើពឹងផ្អែកតែលើយើងម្នាក់ឯង ការចង់បោសសម្អាតខ្សែសង្វាក់នេះឱ្យអស់ពីឬសគល់គឺពិតជាពិបាកខ្លាំងណាស់ ព្រោះពួកវាគ្រាន់តែឆ្លងដែនបន្តិច គឺអាចបន្តសកម្មភាពបោកប្រាស់គេបានទៀតហើយ។

ទោះជាយ៉ាងណា តួលេខបានបង្ហាញឱ្យឃើញថា នៅពាក់កណ្តាលឆ្នាំនេះ ចំនួនសំណុំរឿងបោកប្រាស់តាមអនឡាញនៅក្នុងស្រុកបានថយចុះ ១៥,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះជាប់ៗគ្នា ១១ខែហើយ។ ប៉ុន្តែ ពួកជនខិលខូចក៏កំពុងរកល្បិចថ្មីៗដែរ គឺមិនត្រឹមតែលាក់ខ្លួននៅតាមកន្លែងដាច់ស្រយាលនោះទេ ថែមទាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងរូបិយវត្ថុគ្រីបតូ (Virtual Currency) ទៀតផង ដែលធ្វើឱ្យការតាមរកមនុស្ស និងលុយកាក់ឆ្លងដែនកាន់តែមានការលំបាកខ្លាំងឡើង។

ការបង្កើតកិច្ចសហប្រតិបត្តិការជាប្រចាំរវាងប្រទេសទាំង ៤៦ លើកនេះ គឺដើម្បីបំបែកឧបសគ្គផ្នែកច្បាប់ និងការប្រមូលភស្តុតាងរវាងប្រទេសនានា ព្រមទាំងភ្ជាប់បណ្តាញតម្រុយ ជនសង្ស័យ និងការតាមដានលុយកាក់ឱ្យបានសម្រេចតែម្តង។ ពេលក្រោយមក វិធានការបង្ក្រាបនឹងត្រូវកម្រិតខ្ពស់ជាងមុន ដោយមិនត្រឹមតែចាប់ខ្លួនមនុស្សម្នាក់ៗនោះទេ ប៉ុន្តែនឹងត្រូវបោសសម្អាតរហូតដល់ឫសគល់នៃខ្សែសង្វាក់បទល្មើសខ្មៅនេះតែម្តង។