ថ្ងៃទី៣១ ខែសីហា កម្លាំងចម្រុះនៅក្រុងព្រះសីហនុ បានចុះទៅដល់ផ្លូវមួយកន្លែង ស្ថិតក្នុងសង្កាត់លេខ៤ ភូមិ៥។ ប្រតិបត្តិការនេះ ធ្វើឡើងតាមបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត និងមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចូលរួមផង ដោយបានហ៊ុមព័ទ្ធអគារខុនដូជាប់គ្នា៣ខ្នងយ៉ាងតឹងរ៉ឹង។ ប្រជាពលរដ្ឋនៅក្បែរនោះបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក ដែលគោលដៅសំខាន់គឺបង្រ្កាបជនបរទេសដែលលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (ខលសិនថេន) និងស្នាក់នៅខុសច្បាប់។
ពេលចូលឆែកឆេរក្នុងបន្ទប់ ក្រុមការងារជំនាញបានរកឃើញ និងដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រយួរដៃចំនួន៤គ្រឿង ទូរសព្ទដៃចំនួន១១៨គ្រឿង និងថេប្លេតចំនួន១គ្រឿង។ ក្នុងចំណោមជនជាតិចិនទាំង១០នាក់ដែលត្រូវឃាត់ខ្លួន មាន៤នាក់សង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ (ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន និងលិខិតអនុញ្ញាតស្នាក់នៅត្រឹមត្រូវ) ចំណែក៦នាក់ទៀត (ក្នុងនោះមានស្រី២នាក់) គឺពាក់ព័ន្ធនឹងការស្នាក់នៅហួសទិដ្ឋាការ និងខុសច្បាប់។
បើយោងតាមប្រភពព័ត៌មានក្នុងស្រុក ជនសង្ស័យទាំង១០នាក់ និងវត្ថុតាងទាំងអស់ ត្រូវ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំពោះសំណុំរឿងនេះ សមត្ថកិច្ចជំនាញកំពុងសួរនាំ និងស្រាវជ្រាវជម្រៅបន្ថែមទៀត មុននឹងមានការផ្សព្វផ្សាយជាផ្លូវការបន្តទៀត។




