ថ្មីៗនេះ នៅស្រុកខ្មែរយើងមានព្រឹត្តិការណ៍ប្លែក និងគួរឱ្យចាប់អារម្មណ៍មួយ ដោយមានក្រុមស្ត្រីៗជិះម៉ូតូដើរលេងកម្សាន្ត។ ការជិះម៉ូតូនេះមិនមែនគ្រាន់តែដើម្បីបានអារម្មណ៍ជិះលឿនតក់ក្រហល់នោះទេ ប៉ុន្តែគឺដើម្បីលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ទេសចរណ៍នៅតាមមូលដ្ឋាន។ ពួកគាត់បានចាប់ផ្តើមធ្វើដំណើរជិះម៉ូតូនៅខេត្តសៀមរាប និងតំបន់អង្គរ រួចបន្តដំណើរទៅកាន់ខេត្តផ្សេងៗទៀតដូចជា បាត់ដំបង កំពត កែប និងខេត្តព្រះសីហនុ។
កម្មវិធីនេះបានប្រមូលផ្តុំស្ត្រីកម្ពុជា និងស្ត្រីអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋាន ឱ្យមកជួបជុំគ្នាដើម្បីចែករំលែកសារស្តីពីទំនុកចិត្ត ភាពស្មើគ្នា និងសេរីភាព។ ក្រៅពីនេះ ពួកគាត់ក៏បានប្រើប្រាស់បណ្តាញឌីជីថលរបស់កម្មវិធី ដើម្បីបង្ហាញពីសកម្មភាពរបស់ស្ត្រីដែលកំពុងធ្វើការក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
អ្នកផ្តួចផ្តើមកម្មវិធី ឈ្មោះ មូណា ហាក់ (Muna Hark) បាននិយាយថា ម៉ូតូគ្រាន់តែជានិមិត្តរូបមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការប្រើប្រាស់វាដើម្បីឱ្យមហាជនបានឃើញ និងស្គាល់ពីសមត្ថភាពរបស់ស្ត្រីកាន់តែច្រើន។ អ្នកស្រីសង្ឃឹមថា នៅពេលដែលមនុស្សគ្រប់គ្នាដើរកម្សាន្ត និងស្វែងយល់ពីប្រទេសកម្ពុជា ពួកគេក៏នឹងបានស្គាល់ពីស្ត្រីដែលនៅពីក្រោយភាពជោគជ័យនៃទីកន្លែងទាំងនោះដែរ ដូចជា ស្ត្រីជាអ្នកជំនួញ សិល្បករ អ្នកជំនាញទេសចរណ៍ អ្នកបង្កើតថ្មី និងថ្នាក់ដឹកនាំសហគមន៍ជាដើម។
កញ្ញា អានណា ដែលជាអ្នកដឹកនាំក្បួនជិះម៉ូតូ បានចែករំលែកថា ការដែលបានឃើញស្ត្រីដទៃទៀតហ៊ានបោះជំហានចេញមកក្រៅ សាកល្បងអ្វីដែលថ្មី និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកបែបនេះ នឹងធ្វើឱ្យស្ត្រីផ្សេងទៀតមានកម្លាំងចិត្ត និងទំនុកចិត្តក្នុងការសាកល្បងធ្វើអ្វីដែលថ្មីៗដូចគ្នា។ កញ្ញាសង្ឃឹមថា កម្មវិធីនេះនឹងក្លាយជាវេទិកាមួយសម្រាប់ឱ្យស្ត្រីលើកទឹកចិត្តគ្នាទៅវិញទៅមក និងហ៊ានប្រឈមមុខនឹងការតស៊ូប្រកួតប្រជែងថ្មីៗ។
ព្រឹត្តិការណ៍ជិះម៉ូតូនេះ ក៏មានគោលបំណងស្របទៅនឹងស្មារតីរបស់មជ្ឈមណ្ឌលភាពជាអ្នកដឹកនាំស្ត្រីសកល ក្នុងការប្រឆាំងអំពើហិង្សា និងការរើសអើង ដើម្បីឱ្យស្ត្រីអាចរស់នៅក្នុងជីវិតមួយដោយស្មើភាព និងគ្មានការភ័យខ្លាច។ ក្រុមអ្នករៀបចំសង្ឃឹមយ៉ាងមុតមាំថា សកម្មភាពជិះម៉ូតូនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីទាក់ទាញស្ត្រី សហគមន៍ និងដៃគូសហការកាន់តែច្រើនឱ្យចូលរួមនៅឆ្នាំក្រោយៗទៀត។




