នៅថ្ងៃនេះ រោងចក្រដំឡើងរថយន្តទី១០ នៅកម្ពុជា បានបើកសម្ពោធជាផ្លូវការហើយនៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នុងឱកាសនោះ សម្តេចបានបញ្ជាក់ថា រដ្ឋាភិបាលបានអនុម័តគម្រោងរោងចក្រចំនួន ៥ ផ្សេងទៀត ជាមួយនឹងទុនវិនិយោគសរុបប្រហែល ២៤៨ លានដុល្លារអាមេរិក។
រោងចក្រថ្មីនេះមានទីតាំងស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច។ សម្តេចធិបតីបានលើកឡើងថា ក្នុងចំណោមរោងចក្រទាំង ៥ ដែលបានអនុម័ត គឺមាន ២ រោងចក្រជិតចាប់ផ្តើមដំណើរការ ហើយ ៣ រោងចក្រទៀតកំពុងសាងសង់។ សម្រាប់ការវិនិយោគក្នុងវិស័យនេះ ដើមទុនក្នុងស្រុកមាន ២៨% ខណៈទុនវិនិយោគបរទេសមាន ៧២% ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋសរុប ២.៧៤៤ កន្លែង។
រោងចក្រដែលទើបបើកថ្មីនេះ គឺជាការវិនិយោគរបស់វិនិយោគិនខ្មែរ ១០០% ដែលមានសមត្ថភាពដំឡើងរថយន្តបាន ២០.០០០ គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាចម្បង និងនាំចេញមួយចំនួនតូច។ សម្តេចធិបតីបានគូសបញ្ជាក់ថា នេះជាសញ្ញាបង្ហាញថាឧស្សាហកម្មកម្ពុជាកំពុងផ្លាស់ប្តូរពីឧស្សាហកម្មផ្នែកពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា។
សម្តេចក៏បានបន្ថែមដែរថា យើងមិនត្រូវមើលតែលើចំនួនរោងចក្រនោះទេ អ្វីដែលសំខាន់គឺភាពស្ថិតស្ថេរយូរអង្វែងរបស់រោងចក្រទាំងនោះ។ សម្តេចបានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រក្សាសមតុល្យរវាងតម្រូវការទីផ្សារ និងចំនួនរោងចក្រ ដើម្បីរក្សាបរិយាកាសវិនិយោគឱ្យមានភាពទាក់ទាញជានិច្ច។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា គោលនយោបាយ និងការលើកទឹកចិត្តផ្នែកពន្ធ គឺធ្វើឡើងសម្រាប់វិស័យទាំងមូល មិនមែនសម្រាប់ក្រុមហ៊ុនណាមួយឡើយ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាព។ ចំណែកអ្នកសេដ្ឋកិច្ច លោក ហុង វណ្ណៈ បានមានប្រសាសន៍ថា ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងបរិយាកាសវិនិយោគល្អប្រសើរ គឺជាកត្តាស្រូបទាញការវិនិយោគឱ្យចូលមកកម្ពុជាកាន់តែច្រើន។




