ថ្មីៗនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិជាន់ខ្ពស់ កំពុងតែពិនិត្យមើលសេចក្តីព្រាងនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មថ្មីមួយ សម្រាប់គ្របដណ្តប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥។ នេះមានន័យថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ កម្ពុជាមានបំណងចង់ផ្លាស់ប្តូរ និងលើកកម្ពស់វិស័យផលិតកម្មក្នុងស្រុកឲ្យមានមុខមាត់ថ្មីតែម្តង។
នៅក្នុងសេចក្តីព្រាងនោះបានបញ្ជាក់ច្បាស់ៗថា គោលការណ៍សំខាន់គឺការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម។ ទៅថ្ងៃមុខ យើងមិនអាចបន្តពឹងផ្អែកតែលើការងារសាមញ្ញៗដែលមិនសូវប្រើជំនាញដូចមុនទៀតឡើយ គឺត្រូវសន្សឹមៗរំកិលខ្លួនទៅរកឧស្សាហកម្មដែលត្រូវការបច្ចេកវិទ្យា និងជំនាញខ្ពស់ជាងមុន ដើម្បីធ្វើយ៉ាងណាឲ្យការផលិតក្នុងស្រុកយើងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង។
រាល់ថ្ងៃនៅតាមផ្លូវ ព្រឹកឡើងល្ងាចឡើង សុទ្ធតែឃើញបងប្អូនកម្មករជិះម៉ូតូសម្រុកទៅធ្វើការ ហើយនៅតាមមុខតំបន់រោងចក្រ គឺអ៊ូអរខ្លាំងដោយសារតូបលក់បាយម្ហូប និងអាហារសម្រន់។ ប្រសិនបើទៅថ្ងៃមុខ មានឧស្សាហកម្មប្រើបច្ចេកវិទ្យាខ្ពស់ចូលមកច្រើនមែន ការងាររបស់បងប្អូនកម្មកររោងចក្រយើងក៏អាចនឹងមានការប្រែប្រួលប្លែកជាងមុនដែរ។ យ៉ាងណាមិញ គោលនយោបាយនេះកំពុងតែស្ថិតក្នុងការពិនិត្យនៅឡើយ ចាំមើលថា១០ឆ្នាំខាងមុខ វាអាចកែប្រែមុខមាត់ស្រុកយើងបានកម្រិតណា គឺស្រេចលើការអនុវត្តជាក់ស្តែងនៅពេលខាងមុខនេះហើយ។




