ប៉ុន្មានថ្ងៃនេះ មានការចែករំលែកតៗគ្នាយ៉ាងព្រូសប្រាសលើបណ្តាញសង្គម រឿងអ្នកគ្រប់គ្រងរោងចក្រម្នាក់និយាយស្តីមើលងាយ និងប្រើអាកប្បកិរិយាមិនសមរម្យដាក់កម្មករ។ ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានស្នើសុំឲ្យបងប្អូនអ្នកលេងបណ្តាញសង្គមដែលបានបង្ហោះ ឬចែករំលែកព័ត៌មាននេះ ជួយប្រាប់ព័ត៌មានឲ្យបានច្បាស់លាស់ថា តើហេតុការណ៍នេះកើតឡើងនៅរោងចក្រណាពិតប្រាកដ ដើម្បីឲ្យមន្ត្រីជំនាញចុះទៅពិនិត្យ និងស្រាវជ្រាវដល់កន្លែងភ្លាមៗ។
ជាមួយគ្នានេះ ក្រសួងការងារក៏បានរំលឹកដល់ម្ចាស់សហគ្រាស អ្នកគ្រប់គ្រងរោងចក្រ និងប្រធានផ្នែកគ្រប់លំដាប់ថ្នាក់ ត្រូវប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាឲ្យបានសមរម្យជាមួយកម្មករនិយោជិត។ ចំណែកឯបងប្អូនកម្មករវិញ ប្រសិនបើជួបប្រទះការប្រមាថមើលងាយ ការធ្វើបាប ឬលក្ខខណ្ឌការងារអាក្រក់នៅកន្លែងធ្វើការ អាចទូរស័ព្ទទៅកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១២៨៦ ដើម្បីរាយការណ៍ដោយផ្ទាល់បាន។
រាល់ថ្ងៃ បងប្អូនកម្មករយើងត្រូវជិះម៉ូតូសម្រុកចូលធ្វើការតាំងពីព្រលឹមស្រាងៗ ដល់ពេលចេញពីធ្វើការវិញ ល្ងាចត្រជាក់ទើបបានទិញអីហូបតាមតូបលក់ដូរតាមចិញ្ចើមផ្លូវ ធ្វើការហត់នឿយមួយថ្ងៃៗមិនមែនជាងាយស្រួលនោះទេ។ កាលពីមុន បើត្រូវមេជេរនៅក្នុងរោងចក្រ ច្រើនតែស៊ូទ្រាំលេបទុក្ខវេទនាម្នាក់ឯង ប៉ុន្តែឥឡូវនេះ មានទូរស័ព្ទដៃស្មាតហ្វូនគ្រប់ដៃ គ្រាន់តែបង្ហោះលើអ៊ីនធឺណិតភ្លាម មានគេចាប់អារម្មណ៍ភ្លែត ហើយខាងក្រសួងក៏ចេញមុខរកមុខរោងចក្រដើរត្រួតពិនិត្យតែម្តង។




