នៅស្រុកខ្មែរយើងឥឡូវនេះ មានរោងចក្រដំឡើងរថយន្តសរុបចំនួន ១៥ កន្លែង ដោយក្នុងនោះ ១០ រោងចក្រកំពុងដំណើរការផលិតយ៉ាងសកម្ម ហើយរោងចក្រដែលនៅសល់កំពុងតែសាងសង់ និងរៀបចំដំណើរការ។ ជាមធ្យម ក្នុងមួយឆ្នាំៗ រោងចក្រទាំងនេះអាចដំឡើងឡានបានប្រហែល ៣៥,០០០ គ្រឿង សម្រាប់លក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ក្រុមហ៊ុនធំៗដូចជា BYD និង CAMKO កំពុងតែមមាញឹកខ្លាំងលើខ្សែច្រវាក់ផលិតកម្ម។ ក្នុងនោះ BYD ដែលជាការវិនិយោគមកពីចិន និងហុងកុង អាចដំឡើងឡានបានរហូតដល់ទៅជាង ១ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ចំណែករោងចក្រ CAMKO របស់កូរ៉េវិញ អាចផលិតបាន ១,៨០០ គ្រឿងក្នុងមួយឆ្នាំ។

ដោយឡែក ក្រុមហ៊ុនមួយចំនួនទៀតដូចជា K N N និង ZDG កំពុងតែបន្តសាងសង់រោងចក្ររបស់ខ្លួន ហើយរំពឹងថានឹងអាចចាប់ផ្តើមផលិតក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះក្រុមហ៊ុនចំនួន ២ ផ្សេងទៀត ដូចជា WORLDWIDE MOTORS ជាដើម ទោះបីជាបានចុះបញ្ជីរួចរាល់ហើយក្តី ប៉ុន្តែមិនទាន់បានចាប់ផ្តើមបុកគ្រឹះសាងសង់នៅឡើយទេ។

បើតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា រោងចក្រដំឡើងឡានភាគច្រើន គឺប្រមូលផ្តុំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជាខាងភ្នំពេញ និងកំពង់ចាម ជាដើម។ សព្វថ្ងៃនេះ បើក្រឡេកមើលតាមដងផ្លូវ យើងឃើញមានរថយន្តជិះកាន់តែច្រើនឡើងៗ ដែលឡានទាំងនោះភាគច្រើន គឺជារថយន្តដំឡើងចេញពីរោងចក្រក្នុងស្រុកយើងនេះឯង។