ចាប់ពីព្រឹកស្អែកតទៅ នៅប្រាសាទអង្គរវត្តនឹងមានបាតុភូតថ្ងៃរះដ៏ពិសេសមួយ ដោយព្រះអាទិត្យនឹងរះចំពីលើកំពូលប្រាសាទកណ្តាលតែម្តង។ បាតុភូតដ៏អស្ចារ្យនេះនឹងកើតឡើងរយៈពេល ៣ ថ្ងៃជាប់គ្នា ហើយមហាជនជាច្រើនកំពុងតែទន្ទឹងរង់ចាំទស្សនា។

ព្រឹត្តិការណ៍នេះរៀបចំឡើងអមជាមួយកម្មវិធី «រត់ប្រណាំងយប់នៅអង្គរ» ដែលក្រៅពីការទស្សនាថ្ងៃរះ ក៏មានសកម្មភាពកីឡា ទេសចរណ៍ និងវប្បធម៌ជាច្រើនទៀត។ តាមការរំពឹងទុក នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចន្លោះពី ៥.០០០ ទៅ ១០.០០០ នាក់ មកចូលរួមយ៉ាងកុះករ និងគគ្រឹកគគ្រេង។

នៅក្នុងនោះដែរ ក៏មានការបើកឲ្យបរិច្ចាគថវិកាតាមទឹកចិត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការសប្បុរសធម៌ និងគម្រោងជួយសហគមន៍ផងដែរ។ អ្នកស្រុកនៅទីនោះបានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែល្អសម្រាប់សុខភាព និងការលេងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយពីវប្បធម៌ ព្រមទាំងសម្រស់ដ៏ប្រណីតនៃរមណីយដ្ឋានអង្គរទៀតផង។

មន្ត្រីអាជ្ញាធរបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងជួយលើកស្ទួយវិស័យទេសចរណ៍ និងអាជីវកម្មសេវាកម្មពាក់ព័ន្ធជាច្រើន ដូចជា សណ្ឋាគារ អាហារដ្ឋាន សេវាដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ អាជ្ញាធរសង្ឃឹមថា កម្មវិធីបែបនេះនឹងធ្វើឲ្យខេត្តសៀមរាបកាន់តែមានឈ្មោះបោះសំឡេង និងក្លាយជាគោលដៅទេសចរណ៍បែបវប្បធម៌ និងកីឡាដ៏លេចធ្លោរបស់ប្រទេសកម្ពុជា។