នៅក្នុងវគ្គបណ្តុះបណ្តាលមួយ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងអធិការកិច្ចមិនមែនចុះមកចាំតែចាប់កំហុសនោះទេ គឺចុះមកដើម្បីជួយតម្រង់ទិស បង្កើនសមត្ថភាព និងជួយឱ្យការងារតាមស្ថាប័ននានាដើរទៅមុខបានលឿន និងមានប្រសិទ្ធភាពជាងមុន។

វគ្គសិក្សានេះ មានមន្ត្រីរាជការចូលរួមសរុបចំនួន ៥០ នាក់ មកពីតាមផ្នែក និងក្រសួង-ស្ថាប័នផ្សេងៗគ្នា។ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានកោតសរសើរដល់ក្រុមការងាររៀបចំ ព្រមទាំងសិក្ខាកាមទាំងអស់ ហើយបានលើកទឹកចិត្តឱ្យយកចំណេះដឹងដែលទទួលបាន ទៅច្នៃប្រើប្រាស់ក្នុងការងារជាក់ស្តែង។

លោកបានបន្ថែមទៀតថា ការរៀនសូត្រមិនមែនបញ្ចប់ត្រឹមចប់វគ្គនេះទេ តែវាជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ សំខាន់គឺត្រូវយកមេរៀន និងបទពិសោធន៍ទាំងប៉ុន្មាន ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ដើម្បីឱ្យការងារកាន់តែមានគុណភាព និងប្រព្រឹត្តទៅបានលឿនរហ័ស។