មួយពីរថ្ងៃមុននេះ អភិបាលស្រុកនាំក្រុមការងារទៅមើលស្ថានភាពស្ពានពីរកន្លែង ហើយក៏យកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទៅជួយគ្រួសារក្រីក្រច្រើនជាងហាសិបគ្រួសារ។ គ្រួសារទាំងនេះរស់នៅកន្លែងមួយឈ្មោះថា ថ្មអណ្តើក ដែលជីវភាពមិនសូវល្អសោះ។

អភិបាលស្រុកបាននិយាយថា អ្នកនៅទីនេះបានទទួលអំណោយធំៗបីយ៉ាងក្នុងឆ្នាំនេះ។ យ៉ាងដំបូងគឺផ្លូវកៅស៊ូថ្មីដែលភ្ជាប់ទៅផ្លូវជាតិ ធ្វើឲ្យការធ្វើដំណើរងាយស្រួលជាងមុន។ យ៉ាងទីពីរគឺរដ្ឋាភិបាលនឹងសាងសង់ស្ពានបេតុងមួយ ដើម្បីជំនួសស្ពានឈើចាស់ ធ្វើឲ្យងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម។ គម្រោងស្ពាននេះគ្រោងនឹងចាប់ផ្តើមខែក្រោយ ហើយរំពឹងថានឹងរួចរាល់ក្នុងរយៈពេលពីរឆ្នាំ។ យ៉ាងទីបីគឺនឹងសាងសង់ទំនប់មួយ ដើម្បីឲ្យងាយស្រួលក្នុងការបញ្ជូនទឹកទៅស្រោចស្រព។

មន្ត្រីនៅទីនេះបាននិយាយថា គម្រោងទាំងនេះគឺជាលទ្ធផលនៃការខិតខំរបស់រដ្ឋាភិបាល ដែលសង្ឃឹមថានឹងធ្វើឲ្យជីវភាពប្រជាជនប្រសើរឡើង។ អភិបាលស្រុកក៏បានដាស់តឿនប្រជាជនឲ្យប្រុងប្រយ័ត្នមើលសកម្មភាពរបស់គណបក្សនយោបាយផ្សេងៗ កុំឲ្យត្រូវគេបោកដោយសន្យាខុសបំណងពេលបោះឆ្នោត។