សព្វថ្ងៃនេះ ឃើញថាម៉ូយៗស្រីៗយើងដែលស្រឡាញ់សម្រស់ ចង់បានស្បែកសលឿនៗ និយមសម្រុកទៅគ្លីនិកចាក់សេរ៉ូម ឬចាក់ថ្នាំតាមសរសៃឈាមដែលគេផ្សាយថាមួយប្លែកៗ។ ប៉ុន្តែ ប្រយ័ត្នណា៎! តាមប្រភពសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្តាល បានចេញមុខព្រមានថា វិធីនេះមើលទៅដូចជាពូកែស័ក្ដិសិទ្ធិមែន ប៉ុន្តែបង្កប់គ្រោះថ្នាក់ធំធេងណាស់។ នៅក្នុងដបសេរ៉ូមប្រកាសថាប្រែស្បែកឱ្យសទាំងនោះ ភាគច្រើនមានលាយជាតិគ្លុយតាច្យុង (Glutathione) វីតាមីនស៊ី (Vitamin C) និងអិលស៊ីស្តេអ៊ីន (L-cysteine)។ ការយកថ្នាំទាំងនេះទៅចាក់ចូលសរសៃឈាមផ្តេសផ្តាស អាចធ្វើឱ្យប៉ះពាល់ដល់ជីវិតបានយ៉ាងងាយ។

លោកគ្រូពេទ្យបានពន្យល់លម្អិតអំពីគ្រោះថ្នាក់នៃសារធាតុនីមួយៗ។ ដូចជាការចាក់វីតាមីនស៊ីផ្ទាល់ មិនត្រឹមតែធ្វើឱ្យឈឺសាច់ដុំប៉ុណ្ណោះទេ តែបើធ្ងន់ធ្ងរអាចបណ្តាលឱ្យប្រតិកម្មខ្លាំងរហូតដល់ខ្យល់គរ ឬបាត់បង់ជីវិតភ្លាមៗតែម្តង។ ចំណែកឯជាតិគ្លុយតាច្យុង ដែលគេថាចាក់ហើយសលឿននោះ បើប្រើលើសកម្រិត វានឹងទៅបំផ្លាញអវយវៈខាងក្នុងរាងកាយយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យខ្លាចជាងនេះទៅទៀត ការចាក់ថ្នាំឱ្យសបែបនេះ វានឹងទៅបំផ្លាញជាតិមេឡានីន និងប្រព័ន្ធការពារស្បែកពីធម្មជាតិ។ កាលណាគ្មានមេឡានីនចាំការពារពន្លឺព្រះអាទិត្យទេ ស្បែកមិនត្រឹមតែឆាប់ខូចនោះទេ ថែមទាំងប្រឈមមុខខ្ពស់នឹងជំងឺមហារីកស្បែកទៀតផង។

លោកគ្រូពេទ្យបានបញ្ជាក់ទៀតថា តាមពិតសារធាតុទាំងនេះ ក្នុងវិស័យវេជ្ជសាស្ត្រ គេប្រើសម្រាប់ព្យាបាលជំងឺផ្សេងទៀតប៉ុណ្ណោះ ហើយគេកំណត់កម្រិតប្រើប្រាស់ម៉ត់ចត់បំផុត មិនមែនយកមកចាក់តាមសេរ៉ូមធ្វើឱ្យស្បែកសដូចដែលគេកំពុងធ្វើឡើយ។ ការចាក់សេរ៉ូមបែបនេះ អាចបណ្តាលឱ្យកកឈាមក្នុងសរសៃ ធ្វើឱ្យប្រតិកម្មធ្ងន់ធ្ងរ និងអាចឆ្លងជំងឺផ្សេងៗ ប្រសិនបើបច្ចេកទេសចាក់គ្មានអនាម័យ។ គេយល់ថាស្រីៗយើង រាល់ថ្ងៃជិះម៉ូតូហាលថ្ងៃក្តៅ ឃើញស្បែកស្រអាប់ ប្រាកដជាចង់បានស្បែកសស្អាតហើយ ប៉ុន្តែបើយកជីវិតទៅប្រថុយដើម្បីតែស្បែកសមួយភ្លែតបែបនេះ ដល់ពេលមានរឿងអីកើតឡើង ប្រាកដជាស្តាយក្រោយមិនទាន់ឡើយ។