ក្រុមហ៊ុនជប៉ុន Amon World Communications គ្រោងនឹងបោះទុនសាងសង់រោងចក្រផលិតខ្សែភ្លើងមួយនៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០២៧ ខាងមុខ។ ក្រុមហ៊ុននេះមានភាគទុនិកធំគឺក្រុមហ៊ុន Nichigoh របស់ជប៉ុន ដែលជាអ្នកជំនាញខាងផលិត និងផ្គត់ផ្គង់ខ្សែភ្លើងខ្សែខាប្លិ៍ទៅកាន់ទីផ្សារអន្តរជាតិ។ បើតាមប្រភពព័ត៌មានក្នុងស្រុក បន្ទាប់ពីរោងចក្រនេះសង់រួចរាល់ វាមិនត្រឹមតែជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលខ្សែភ្លើងពីបរទេសប៉ុណ្ណោះទេ ថែមទាំងមានគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាមូលដ្ឋានផលិតខ្សែភ្លើងសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោកទៀតផង។
កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ លោក ហេម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននេះ។ មន្ត្រីជាន់ខ្ពស់បានឱ្យដឹងថា កម្ពុជានាពេលនេះ មិនត្រឹមតែចង់កាត់បន្ថយការនាំចូលទំនិញពីក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ផលិតទំនិញដែលមានស្តង់ដារទទួលស្គាល់លើឆាកអន្តរជាតិសម្រាប់នាំចេញទៀតផង។ ដើម្បីជួយជ្រោមជ្រែងគម្រោងមួយនេះ ខាងក្រសួងបានសម្តែងជំហរថានឹងជួយសម្រួល ភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុនមួយនេះ ជាមួយនឹងបណ្តារោងចក្រដំឡើងរថយន្ត ព្រមទាំងរោងចក្រផលិតឧបករណ៍អគ្គិសនី និងអេឡិចត្រូនិកនៅក្នុងស្រុក ដើម្បីឱ្យពួកគាត់អាចទិញដូរ និងផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមកបានដោយផ្ទាល់។
គួររំលឹកថា ក្រុមហ៊ុនជប៉ុនមួយនេះបានបង្កើតការិយាល័យតំណាងរបស់ខ្លួននៅកម្ពុជា កាលពីខែសីហា កន្លងទៅ ហើយកំពុងតែបន្តដំណើរការគម្រោងនេះជាបណ្តើរៗ។ រាល់ថ្ងៃនេះ បើយើងដើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ តែងតែឃើញខ្សែភ្លើងរញ៉េរញ៉ៃតាមបង្គោលភ្លើង ហើយខ្សែភ្លើងដែលប្រើប្រាស់តាមរោងចក្រ ឬផ្ទះជួលភាគច្រើន គឺសុទ្ធតែនាំចូលពីបរទេស។ ដូច្នេះ ប្រសិនបើនៅឆ្នាំ២០២៧ រោងចក្រផលិតខ្សែភ្លើងនេះអាចបើកដំណើរការបានមែននោះ ទាំងតាមរោងចក្រ និងតាមផ្ទះសម្បែងក្នុងស្រុកយើង នឹងមានខ្សែភ្លើងដែលផលិតនៅក្នុងស្រុកប្រើប្រាស់កាន់តែច្រើនជាមិនខាន។




