កាលពីពាក់កណ្តាលខែកញ្ញា កន្លងទៅ ក្រោមក្រសែភ្នែកផ្ទាល់របស់អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ សមាគមសហគ្រាសធុនតូច និងមធ្យមហុកកញ្ញា (FASMEC) បានចាប់ដៃគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តាមរយៈកិច្ចព្រមព្រៀងនេះ អាជីវករដែលចង់នាំទំនិញចេញតាមផ្លូវសមុទ្រនឹងទទួលបានភាពងាយស្រួលជាងមុន ទាំងរឿងឯកសារនៅកំពង់ផែ និងថ្លៃសេវាផ្សេងៗ ដែលជួយឱ្យទំនិញកំប៉ិកកំប៉ុក និងកសិផលក្នុងស្រុកយើងអាចនាំចេញទៅក្រៅប្រទេសកាន់តែលឿនជាងមុន។
ប្រធានសមាគមបានប្រាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំមកនេះ ក្រុមការងារបានខិតខំជួយរកច្រកល្ហ លឱ្យអាជីវករតូចតាចក្នុងស្រុក ដោយមិនត្រឹមតែសហការជាមួយក្រសួងស្ថាប័នរដ្ឋដើម្បីសម្រួលការចុះបញ្ជី និងបែបបទនាំចេញនោះទេ ប៉ុន្តែថែមទាំងគិតគូរពីវិធីកាត់បន្ថយចំណាយ ដើម្បីឱ្យទំនិញយើងមានប្រៀបប្រជែងជាមួយទំនិញបរទេសផងដែរ។ ក្រៅពីការងារនៅកំពង់ផែនេះ នៅចុងខែនេះសមាគមគ្រោងនឹងចុះហត្ថលេខាជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីជួយទម្លាក់ទុនការប្រាក់ទាបឱ្យអាជីវករ និងសហគ្រាសខ្នាតតូចយកទៅពង្រីកកន្លែងផលិតកម្មរបស់ខ្លួន។
យោងតាមតួលេខពីមន្ត្រីរដ្ឋាភិបាល បានបង្ហាញថា សហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេសមានចំនួនច្រើនសន្ធឹកសន្ធាប់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ។ បើដើរតាមផ្លូវនិងផ្សារនានា យើងនឹងឃើញមានរោងជាង និងហាងតូចធំរាប់មិនអស់ ចាប់ពីជាងហត្ថកម្មរហូតដល់ម្ចាស់រោងចក្រតូចៗ ដែលពួកគាត់ខិតខំរកស៊ីព្រលឹមព្រលប់ ហើយអ្វីដែលពួកគាត់បារម្ភ និងចង់បានបំផុតគឺ ទុនសម្រាប់ខ្ចី និងការដឹកជញ្ជូនទំនិញចេញទៅក្រៅឱ្យបានរលូន៕




