ចាប់ពីព្រឹកថ្ងៃទី១១ ខែកញ្ញា 11 មក អាជ្ញាធរខណ្ឌសែនសុខ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជូនរថយន្តធុនធំ និងគ្រឿងចក្រជាច្រើនគ្រឿង ចុះទៅអន្តរាគមន៍ផ្ទាល់នៅលើដងផ្លូវ។ កម្មករបានបើកគម្របបំពង់លូ ចប់កាកសំណល់ភក់ និងសម្អាតសំរាមព្រមទាំងវត្ថុផ្សេងៗដែលស្ទះក្នុងបំពង់លូ ដើម្បីសម្រួលដល់ការបង្ហូរទឹកភ្លៀងឱ្យបានលឿន កុំឱ្យមានការលិចលង់ទឹកតាមដងផ្លូវពេលមានភ្លៀងធ្លាក់ខ្លាំង។

ការចុះសម្អាតលូនេះធ្វើឡើងជាចម្បងនៅតាមដងផ្លូវមួយចំនួនក្នុងសង្កាត់គោករកា ខណ្ឌសែនសុខ ដូចជាកំណាត់ផ្លូវក្បែរវត្តវាំងស្រអែម ផ្លូវតាសេ និងផ្លូវលេខ ១០១៩។ នៅនឹងកន្លែងកើតហេតុ កម្មករបានប្រើប្រាស់ឧបករណ៍ជំនាញដើម្បីសម្អាតល្បាប់ដី និងសំរាមដែលកកស្ទះជាច្រើនឆ្នាំ ដើម្បីឱ្យទឹកហូរបានល្អ និងកាត់បន្ថយហានិភ័យនៃការលិចលង់នៅរដូវភ្លៀង។

ទោះជាយ៉ាងណា ពេលកំពុងចុះធ្វើការ កម្មករក៏បានជួបប្រទះនូវបញ្ហាមួយដែលធ្វើឱ្យឈឺក្បាលផងដែរ។ នៅតំបន់ភូមិថ្មី សង្កាត់គោករកា មានមាត់បំពង់លូជាច្រើនត្រូវបានគេយកស៊ីម៉ងត៍មកចាក់បិទជិតឈឹងតែម្តង។ ទឹកមិនអាចហូរទៅមុខរួចទេ មិនបាច់និយាយច្រើនទេ ទើបបានជាជារៀងរាល់ពេលដែលភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកហូរយឺត ហើយធ្វើឱ្យទឹកលិចដងផ្លូវភ្លាមៗតែម្តង។

តាមរយៈឱកាសនេះ មន្ត្រីមូលដ្ឋានបានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យជួយយកចិត្តទុកដាក់មើលថែទាំប្រព័ន្ធលូនៅមុខផ្ទះរៀងៗខ្លួន។ ពេលមានភ្លៀងធ្លាក់ សូមជួយក្រឡេកមើល និងសម្អាតសំរាមដែលបាំងនៅមាត់លូ ដើម្បីឱ្យទឹកភ្លៀងអាចហូរធ្លាក់ចូលទៅក្នុងបំពង់លូបានស្រួលបួល។