នៅខេត្តរតនគិរី ផ្លូវដីក្រហមមួយខ្សែប្រវែងប្រហែល ៧ គីឡូម៉ែត្រ តភ្ជាប់ពីឃុំកាចូន ទៅកាន់ស្រុកវើនសៃ កំពុងតែខូចខាតយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យអ្នកស្រុកធ្វើដំណើរលំបាកលំបិនយ៉ាងខ្លាំង។ តាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ឲ្យតែដល់រដូវភ្លៀង ផ្លូវមួយខ្សែនេះប្រែជាថ្លុកភក់ជ្រៅៗ ឡានតូចៗបើកចូលទៅច្បាស់ជាផុងកង់ងើបលែងរួច រហូតទាល់តែពឹងគោយន្តរបស់អ្នកភូមិមកជួយអូសទើបចេញរួច។

ម្ចាស់កន្លែងជួសជុលម៉ូតូនៅតាមដងផ្លូវនោះ បានត្អូញត្អែរប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ផ្លូវនេះមិនថាប្រាំងឬវស្សាទេ គឺមិនដែលល្អទាល់តែសោះ។ មូលហេតុដើមចម គឺបណ្តាលមកពីឡានដឹកខ្សាច់ធំៗដែលដឹកខ្សាច់ចេញពីទន្លេសេសាន ឆ្ពោះទៅក្រុងបានលុង បើកឌុបធ្ងន់ៗឆ្លងកាត់រាល់ថ្ងៃ។ កន្លងមក ថៅកែការដ្ឋានខ្សាច់ធ្លាប់យកថ្មមិចបន្តិចបន្តួចមកចាក់លប់រន្ធបាក់ តែគ្មានប្រសិទ្ធភាពអ្វីសោះ ថែមទាំងធ្វើឲ្យថ្មមុតធ្លាយ និងបែកកង់ម៉ូតូអ្នកស្រុកដែលជិះកាត់នោះថែមទៀត។ អ្នកភូមិម្នាក់បាននិយាយថា គ្រាន់តែជិះឡានចេញពីផ្ទះបន្តិច ផុងជាប់ភក់ ពីរទៅបីដង រវល់តែរ៉េចរ៉ុកតាំងពីព្រឹកព្រលឹមទល់ត្រង់ទើបតែរួចខ្លួន។

សូម្បីតែលោកមេឃុំកាចូន ក៏បានទទួលស្គាល់ដែរថា ផ្លូវនេះពិតជាខូចខាតអាក្រក់មើលមែន។ លោកថា សូម្បីរូបលោកផ្ទាល់ បើកឡានទៅប្រជុំធ្វើការនៅស្រុក ក៏ត្រូវជាប់ផុងកណ្តាលផ្លូវរំកិលទៅណាមិនរួចដូចគ្នា។ កន្លងមក ខាងឃុំធ្លាប់បានសម្របសម្រួលសុំឲ្យម្ចាស់ការដ្ឋានខ្សាច់ទាំងពីរ ផ្អាកការដឹកជញ្ជូនមួយរយៈសិន ហើយពួកគេក៏បានយកដីក្រហម និងថ្មមកចាក់លប់ ២-៣ ជើងដែរ ប៉ុន្តែនៅតែទប់ទល់នឹងទម្ងន់ឡានធំៗកិនមិនឈ្នះ។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ផ្លូវដីក្រហមនេះស្ថិតក្រោមគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ហើយខាងឃុំបានដាក់របាយការណ៍ស្នើសុំទៅថ្នាក់លើរួចហើយ ដោយសង្ឃឹមថានឹងមានការបញ្ជូនគ្រឿងចក្រធំៗចុះមកឈូសឆាយ និងចាក់ដីបែនឲ្យណែនឡើងវិញ បើមិនអ៊ីចឹងទេ ស្ទះផ្លូវដឹកទំនិញ និងស្ទះឡានដឹកអ្នកជំងឺទៅមន្ទីរពេទ្យមិនទាន់ពេលវេលាឡើយ។