អ្នកដែលតែងតែដើរហើរតាមផ្លូវលេខ ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ រយៈពេលនេះ ប្រហែលជាបានឃើញរថយន្ត ព្រមទាំងកម្មករកំពុងធ្វើការនៅតាមដងផ្លូវហើយ។ ចាប់ពីមហាវិថីព្រះនរោត្តម រហូតដល់មហាវិថីព្រះមុនីវង្ស ដែលកាត់ផ្តាច់តាមភូមិមួយចំនួននោះ គឺគេកំពុងតែមមាញឹកចុះសម្អាតប្រព័ន្ធលូទឹកក្រោមដី។

បើយោងតាមប្រភពព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែកញ្ញា រដ្ឋបាលសង្កាត់បឹងកេងកងទី១ សហការជាមួយកម្លាំងជំនាញបូមទឹក និងសម្អាតលូរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះមកផ្ទាល់ដល់ទីតាំងតែម្តង។ ក្រុមការងារបានខិតខំកាយយកល្បាប់ដី កាកសំណល់ និងសំរាមផ្សេងៗដែលស្ទះក្នុងបំពង់លូចេញ ដើម្បីឱ្យទឹកភ្លៀវហូរបានលឿន មិនលិចដក់លើទ្រូងផ្លូវពេលមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យបងប្អូនជិះម៉ូតូកង់ឆ្លងកាត់លែងសូវលំបាកដើរអូសជើងក្នុងទឹកទៀត។

ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរឆ្លងកាត់ទាំងអស់ មេត្តាជួយទុកដាក់ និងបោះចោលសំរាមឱ្យបានត្រឹមត្រូវ ដោយកុំបោះសម្រាម ឬសំណល់ផ្សេងៗចូលក្នុងប្រព័ន្ធលូ។ មានតែការចូលរួមដៃគ្នាបែបនេះទេ ទើបផ្លូវយើងស្អាត និងលែងជួបបញ្ហាទឹកលិចពេលភ្លៀងម្តងៗ។