កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា វេលាម៉ោង១១៖០០នាទី នៅភូមិ Houaxae ស្រុក Bachiang ខេត្តចំប៉ាសាក់ ប្រទេសឡាវ មានហេតុការណ៍ផ្អើលមួយបានកើតឡើង។ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអាជ្ញាធរស្រុកនិងភូមិ បានចុះឆែកឆេរផ្ទះជួលមួយកន្លែងទាំងភ្ញាក់ផ្អើល និងបានបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Scam) មួយកន្លែង។ ការបង្ក្រាបនេះជោគជ័យទៅបាន ក៏ដោយសារអ្នកភូមិនៅជិតខាងចាប់អារម្មណ៍ឃើញអ្វីៗមិនស្រួល ហើយបានរាយការណ៍ប្រាប់ប៉ូលិស។

នៅក្នុងប្រតិបត្តិការនោះ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុប ២២នាក់ (ក្នុងនោះមានស្រីម្នាក់)។ ពិនិត្យនៅក្នុងផ្ទះ ឃើញសម្ភារប្រព្រឹត្តបទល្មើសរៀបចំពេញផ្ទះ ដោយសមត្ថកិច្ចដកហូតបាន កុំព្យូទ័រតាំងតុ ៤៩គ្រឿង, ទូរស័ព្ទដៃ ២៣៧គ្រឿង, ក្បាលម៉ាស៊ីនកុំព្យូទ័រ (CPU) ២៧គ្រឿង, ដុំភ្លើង (Adapter) ៧ និងសម្ភារពាក់ព័ន្ធមួយចំនួនធំទៀត។

សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយផ្នែកគ្រប់គ្រងជនបរទេស សហការជាមួយអាជ្ញាធរមូលដ្ឋាន។ ធម្មតាភូមិមួយនេះស្ងប់ស្ងាត់សោះ ស្រាប់តែមានមនុស្សច្រើនមកជួលផ្ទះនៅ ហើយសម្ងំតែក្នុងផ្ទះ អង្គុយចុចកុំព្យូទ័រ និងបើកភ្លើងភ្លឺទល់ភ្លឺរាល់យប់ ទើបធ្វើឱ្យអ្នកជិតខាងសង្ស័យមិនស្ទើរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីស៊ើបអង្កេតលើករណីនេះបន្ថែមទៀត។