កាលពីម្សិលមិញ ប៉ូលិសស្រុកគិរីសាគរ ខេត្តកោះកុង បានចុះទៅឆែកឆេរឃ្លាំងមួយកន្លែងនៅតំបន់តារាសាគរ។ ទីតាំងមួយនេះ ធ្លាប់ត្រូវប្រជាពលរដ្ឋរាយការណ៍ និងព័ត៌មានចុះផ្សាយជាច្រើនដងមកហើយថា មានជនជាតិចិនលួចសំងំធ្វើសកម្មភាពមិនប្រក្រតីនៅខាងក្នុង។ ស្ត្រីម្នាក់ដែលនៅចាំឃ្លាំងបានប្រាប់សមត្ថកិច្ចថា ឃ្លាំងនេះត្រូវចិនជាថៅកែក្រុមហ៊ុនមួយនៅតារាសាគរសុំជួល។ ជាទូទៅ ឱ្យតែដល់ពាក់កណ្តាលអធ្រាត្រ តែងមានជនជាតិចិនដឹកបុគ្គលិកបើករថយន្តចូលមកសម្រាកនៅទីនេះ ហើយបើកបរចុះឡើងរវាងក្រុងព្រះសីហនុ និងតារាសាគរ យ៉ាងមានតម្រុយសង្ស័យបំផុត។
ពេលសមត្ថកិច្ចចូលទៅដល់ខាងក្នុង បានប្រទះឃើញអីវ៉ាន់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជាច្រើន។ អ្វីដែលកត់សម្គាល់នោះគឺ នៅតាមបន្ទប់នីមួយៗ ទើបតែមានការដុតធូបមូសដែលកំពុងហុយផ្សែង ហើយកន្ទុយបារីក្នុងចានស្មុកក៏នៅក្តៅៗនៅឡើយ បញ្ជាក់យ៉ាងច្បាស់ថា មនុស្សទើបតែលួចរត់គេចខ្លួនមុននេះបន្តិចប៉ុណ្ណោះ។ នៅតំបន់មាត់សមុទ្រនេះ មូសខាំឈឺៗណាស់ ការមកសំងំនៅកន្លែងដាច់ស្រយាលកណ្តាលអធ្រាត្រ ជិះឡានយប់អាធ្រាត្រដុតធូបមូសបែបនេះ មើលទៅមិនមែនជាការងារស្តុកទំនិញក្នុងឃ្លាំងធម្មតានោះឡើយ។
ទោះជាយ៉ាងណា សារព័ត៌មានក្នុងស្រុកបានរិះគន់ថា ការចុះឆែកឆេររបស់ប៉ូលិសលើកនេះ ធ្វើឡើងហាក់ដូចជាគ្រាន់តែបង្គ្រប់កិច្ច ធ្វើឱ្យតែរួចពីដៃ និងដើម្បីបញ្ចប់រឿងប៉ុណ្ណោះ ព្រមទាំងបានអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានស៊ីជម្រៅជាងនេះ។ រីឯអ្នករត់ឡាន និងអ្នកស្រុកដែលជួបជុំគ្នាផឹកកាហ្វេទឹកកកតាមតូប គេដឹងក្បាលខ្នងអស់ទៅហើយថា រថយន្តបិទកញ្ចក់ខ្មៅងងឹតដែលបើកលើផ្លូវរវាងកំពង់សោមទៅតារាសាគរនៅពេលយប់ជ្រៅនោះ ជិះគ្នាប៉ុន្មាននាក់ ហើយជានរណះខ្លះ សំខាន់ចាំមើលថាតើអាជ្ញាធរហ៊ានចាត់ការមែនទែន ឬយ៉ាងណាតែប៉ុណ្ណោះ។









