កាលពីប៉ុន្មានថ្ងៃមុន សមត្ថកិច្ចខេត្តក្វាងនិញ បានបើកកិច្ចប្រជុំសារព័ត៌មានមួយ ដោយប្រកាសពីការបង្ក្រាបបានក្រុមឧក្រិដ្ឋជនបោកប្រាស់តាមអនគ្រាញ និងលាងលុយកខ្វក់ឆ្លងដែនដ៏ធំមួយ។ រឿងនេះត្រូវ បានលាតត្រដាងឡើង កាលពីដើមខែកុម្ភៈកន្លងទៅ នៅពេលដែលមានជនរងគ្រោះជាជនជាតិមូលដ្ឋានចំនួន ៨នាក់ បានមកដាក់ពាក្យបណ្ដឹង ដោយសារតែត្រូវគេបោកអស់លុយ ១៦០លានដុង។ ពេលទទួលបានបណ្ដឹងនេះ សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវតាមដាន រហូតអាចវាយបំបែកក្រុមឧក្រិដ្ឋជនដែលលាក់ខ្លួនយ៉ាងជ្រៅនេះបានតែម្ដង។
ក្រុមនេះបានដើរទិញព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋតាមក្រុម Telegram ស្រាប់ៗ រួចយកមកពិនិត្យចាត់ចែងជាប្រភេទៗ និងតាក់តែងកលល្បិចបោកប្រាស់ទៅតាមគោលដៅនីមួយៗ។ ពេលតេទៅជនរងគ្រោះ ពួកគេចេះបន្លំខ្លួនយ៉ាងប៉ិនប្រសប់ ពេលខ្លះធ្វើជាបុគ្គលិកផ្នែកឥណទានធនាគារ ពេលខ្លះទៀតធ្វើជាប៉ូលិស ដោយប្រើប្រាស់ទិន្នន័យលម្អិតដែលមានក្នុងដៃមកគំរាមកំហែង និងបន្លាចជនរងគ្រោះរហូតវង្វេងវង្វាន់ មុននឹងទម្លាក់ឧបាយកលបញ្ចុះបញ្ចូលឱ្យពួកគាត់វេរប្រាក់ឱ្យ។ ពេលបោកបានលុយហើយ ពួកគេបានប្រើប្រាស់កាតធនាគារដែលបានទិញមកដើម្បីទទួលប្រាក់នោះ រួចបង្វែរយកទៅទិញរូបិយប័ណ្ណគ្រីបតូ USDT ដើម្បីលាងជម្រះស្នាមក្រហមភ្លាមៗ។ ដើម្បីគេចពីការតាមប្រមាញ់របស់សមត្ថកិច្ច ក្រុមនេះបានផ្លាស់ទីលំនៅកាត់តាមខេត្តជាច្រើន ដោយជួលខុនដូ និងផ្ទះសំណាក់ស្នាក់នៅធ្វើជាទីតាំងសកម្មភាព ដោយធ្វើសកម្មភាពប្តូរទីកន្លែងជាប់ជាប្រចាំ។
ក្នុងពេលចុះបង្រ្កាប មើលទៅសភាពការណ៍គឺធំមិនធម្មតាទេ ដោយសមត្ថកិច្ចបានដកហូតទូរសព្ទដៃចំនួន ៨៣គ្រឿង ម៉ាស៊ីនកុំព្យូទ័រ ៧គ្រឿង ប្រាក់សុទ្ធជាង ២រយលានដុង និងរូបិយប័ណ្ណ USDT ជាង ៣ពាន់កាក់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ២១នាក់។ តាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ក្រុមនេះបានបោកប្រាស់មនុស្សនៅទូទាំងប្រទេស ដែលមានជនរងគ្រោះរាប់ពាន់នាក់ ហើយទឹកប្រាក់សរុបក្នុងសំណុំរឿងនេះគឺមានទំហំធំរហូតដល់ជាង ១ទ្រីលានដុងឯណោះ។ នៅលើដងផ្លូវដែលពោរពេញដោយម៉ូតូជិះខ្វ่ាខ្វែងគ្នា គ្មាននឹកស្មានសោះថា នៅតាមបន្ទប់ជួលខ្លះ មានពួកចោរបង្កប់ខ្លួនអង្គុយចុចក្តារចុចធ្វើសកម្មភាពបោកប្រាស់បែបនេះសោះ។




