អ្ហេ៎! ឮគេនិយាយរឿងអីអត់? នៅប៉ាតាយ៉ាឯណោះ ប៉ូលិសទើបចាប់បានជនជាតិចិនម្នាក់ ឈ្មោះ ជូ ជីសាន (Zhu Zhishan)។ បុរសម្នាក់ហ្នឹង មិនមែនលំៗទេ ជាង៣០ឆ្នាំមុន គាត់បានប្រព្រឹត្តបទឧក្រិដ្ឋនៅប្រទេសគាត់ ឮថាដល់ថ្នាក់សម្លាប់មនុស្សទៀតផង ហើយក៏រត់បាត់ជើងតែម្តង។ ប៉ូលិសអន្តរជាតិ (Interpol) ចេញដីកាចាប់ក្រហម (Red Notice) តាមរកគាត់ដែរ តែគាត់នៅតែលាក់ខ្លួនបានជាង៣០ឆ្នាំ រហូតមកដល់ស្រុកថៃនេះ។
ដើម្បីគេចពីការតាមរក គាត់ក៏ហ៊ានចំណាយលុយមិនតិចដែរ គឺ ៥ម៉ឺនបាត ទៅរកគេឲ្យធ្វើសញ្ជាតិថៃក្លែងក្លាយឲ្យគាត់។ មិននឹកស្មានថា គេធ្វើបានពិតមែន ថែមទាំងមានអត្តសញ្ញាណប័ណ្ណទៀតផង ហើយឈ្មោះក៏ប្តូរអស់ដែរ។ ដោយមានអត្តសញ្ញាណថ្មីនេះ គាត់ក៏បានតាំងទីលំនៅនៅប៉ាតាយ៉ា រៀបការមានប្រពន្ធកូន ថែមទាំងបានកូនភ្លោះទៀតផង។ គិតមើលទៅ ថ្ងៃឡើងបើកឡានតាមផ្លូវ យប់ឡើងទៅផ្ទះបីកូន ដូចថៅកែធម្មតាៗអីចឹង។ អ្នកណាទៅដឹងថាគាត់មានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មសោះ?
អ្វីដែលកាន់តែអស្ចារ្យនោះ គឺគាត់ថែមទាំងបានបើកក្រុមហ៊ុនអចលនទ្រព្យដល់ទៅ ៥កន្លែងនៅប៉ាតាយ៉ា មានទ្រព្យសម្បត្តិជាង ១០០លានបាត មានវីឡាប្រណីត ឡានទំនើប ជីវិតរស់នៅស្រណុកសុខស្រួលណាស់។ តែទោះយ៉ាងណា កម្មពៀរវាមិនទៅណាឆ្ងាយទេ យូរឆាប់គង់តែដល់។ ខាងប្រទេសចិនមិនដែលបោះបង់ចោលការតាមរកគាត់ទេ គឺបានទាក់ទងជាមួយអាជ្ញាធរថៃជាយូរមកហើយ ទើបតែពេលនេះចាប់បានគាត់តែម្តង។
ឥឡូវនេះ គាត់ត្រូវបានឃាត់ខ្លួនហើយ ឮថាខាងថៃនឹងដកហូតសញ្ជាតិក្លែងក្លាយរបស់គាត់វិញ ថែមទាំងនឹងស៊ើបអង្កេតរកអ្នកដែលជួយធ្វើឯកសារក្លែងក្លាយឲ្យគាត់ទៀតផង។ ទំនងជាលើកនេះ រត់លែងរួចហើយ មិនយូរមិនឆាប់ គេនឹងបញ្ជូនគាត់ត្រឡប់ទៅប្រទេសចិនវិញហើយ។







