ប៉ុន្មានថ្ងៃនេះ ក្រុមប្រទេស BRICS បានជួបប្រជុំគ្នានៅទីក្រុងញូវដេលី ហើយបានចេញ «សេចក្តីប្រកាសញូវដេលី» មួយ ដោយផ្តោតសំខាន់លើវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន ឬពួកចោរឆបោកអនឡាញ។ តាមខ្លឹមសារសេចក្តីប្រកាស ទៅថ្ងៃមុខ ប្រទេសសមាជិកទាំងអស់នឹងសហការគ្នាអនុវត្តច្បាប់ ចែករំលែកព័ត៌មានបក្សពួកចោរ ដកហូតបណ្តាញឆបោកឆ្លងដែន ហើយអ្វីដែលសំខាន់នោះ គឺបង្កកទ្រព្យសម្បត្តិ និងតាមដកហូតលុយខ្មៅពីដៃពួកចោរ ដើម្បីយកមកសងជនរងគ្រោះវិញ។
បើនិយាយឱ្យចំទៅ លើកនេះការតាមដកហូតលុយដែលចោរឆបោកបាន គឺជាចំណុចសំខាន់ជាងគេ។ សារព័ត៌មានក្នុងស្រុកនៅទីនោះបានរាយការណ៍ថា សេចក្តីប្រកាសនេះបានរាប់បញ្ចូលទាំងទ្រព្យសម្បត្តិឌីជីថលខុសច្បាប់ ការលាងលុយ និងលំហូរប្រាក់ឆបោកទាំងអស់ ដោយតម្រូវឱ្យភ្នាក់ងារព័ត៌មានហិរញ្ញវត្ថុ គយ នគរបាល និងអាជ្ញាធរពន្ធដារនៃប្រទេសនីមួយៗ ចាប់ដៃគ្នាតាមដានគណនីសង្ស័យឱ្យជាប់។ សូម្បីតែប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន និងសុវត្ថិភាពហិរញ្ញវត្ថុឌីជីថល ក៏ត្រូវលើកយកមកនិយាយដែរ ដើម្បីកុំឱ្យពួកចោរយកប្រព័ន្ធទូទាត់ប្រាក់ធ្វើជាឈ្នាន់បាន។ លើសពីនេះ ប្រទេសទាំងនោះក៏គ្រោងបង្កើតបណ្តាញអ្នកជំនាញដកហូតទ្រព្យសម្បត្តិ ដើម្បីឱ្យការធ្វើការងារឆ្លងដែនកាន់តែមានប្រសិទ្ធភាព និងស៊ីចង្វាក់គ្នាជាងមុន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការព្រមព្រៀង និងជាគំនិតផ្តួចផ្តើមដំបូងនៅក្នុងអង្គប្រជុំប៉ុណ្ណោះ មិនទាន់ជាសន្ធិសញ្ញាច្បាប់ដែលមានប្រសិទ្ធភាពអនុវត្តភ្លាមៗនោះទេ។ អង្គុយផឹកតែនៅភ្នំពេញ គិតៗទៅ ឯកសារអន្តរជាតិបែបនេះមានច្រើនណាស់ លុះត្រាតែយកមកអនុវត្តជាក់ស្តែង និងដោះស្រាយតាមដំណាក់កាលនីមួយៗ ទើបដឹងថាទៅមុខឬអត់ ហើយមើលទៅប្រហែលជាត្រូវចំណាយពេលយូរគួរសមដែរ មានតែរង់ចាំមើលបន្តទៀតថាគេធ្វើបានកម្រិតណា។




