នៅក្រុងមូសេ (Muse) ភាគខាងជើងរដ្ឋសាន ពេលនេះស្ថានភាពប្រែប្រួលខុសប្លែកស្រឡះតែម្តង។ កាលពីពេលថ្មីៗនេះ កម្លាំងសមត្ថកិច្ចចិន និងភូមា បានរួមដៃគ្នាបង្រ្កាបយ៉ាងក្តៅគគុកលើបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងដែន ដោយបានកម្ទេចទីតាំងជម្រកឆបោកពីមួយទៅមួយ ព្រមទាំងចាប់ខ្លួន និងបណ្តេញជនសង្ស័យចេញជាហ្វូងៗ។ សេដ្ឋកិច្ចដែលធ្លាប់តែមើលទៅអ៊ូអរខុសធម្មតា ដោយសារអាស្រ័យលើពួកតំបន់ឆបោក ស្រាប់តែបាក់ស្រុតចុះភ្លាមៗ ហើយអ្នកចាយលុយក្រាស់ៗនៅលើទីផ្សារ ក៏បាត់មុខអស់ត្រឹមតែមួយយប់។

កាលពីសម័យក្រុមឆបោកកំពុងកក្រើកខ្លាំង ពួកអ្នកនៅក្នុងតំបន់ឆបោកចាយលុយដៃទូលាយណាស់ ធ្វើឲ្យតម្លៃម្ហូបអាហារតាមភោជនីយដ្ឋាន កន្លែងខារ៉ាអូខេ ថ្លៃជួលផ្ទះ និងទំនិញផ្សេងៗនៅទីនោះ ហក់ឡើងថ្លៃកប់ពពក។ អាជីវកម្មជាច្រើនត្រូវបង្កើតឡើងដើម្បីតម្រូវចិត្តពួកតំបន់ឆបោកទាំងនោះតែម្តង ដូចជាកន្លែងកម្សាន្តស៊េរីទំនើប សេវាដឹកជញ្ជូនអាហារ ហាងលក់ដុំឧបករណ៍បច្ចេកវិទ្យា និងសូម្បីតែសេវាសន្តិសុខ ឬបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ ក៏ក្លាយជាមុខជំនួញរកប្រាក់ចំណេញដែរ។

លុះដល់ពេលខ្សែបណ្តាញបទល្មើសនៅខាងលើត្រូវបានកាត់ផ្តាច់ ពួកអ្នកអាស្រ័យផលនៅខាងក្រោម ក៏ត្រូវធ្លាក់ក្នុងវិបត្តិភ្លាមៗ។ ពេលរលកជំនួញចំណេញកប់ពពកនេះស្រកទៅវិញ អ្នកស្រុកធម្មតាដែលមានប្រាក់ខែតិចតួច មិនអាចទប់ទល់នឹងថ្លៃជួលផ្ទះ និងទំនិញថ្លៃកប់ពពកបានឡើយ រហូតធ្វើឲ្យអាជីវករជាច្រើនខាតបង់រាល់ថ្ងៃ ហើយមានតែព្យួរផ្លាកបិទហាង។ ចំណែកឯអ្នកស្រុកក្នុងតំបន់ និងកម្មករចំណាកស្រុកដែលធ្វើការបម្រើសេវាកម្មទាំងនោះ ក៏ត្រូវបាត់បង់ការងារធ្វើភ្លាមៗតែម្តង។