កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ប៉ូលិសនៅរដ្ឋ Perak ប្រទេសម៉ាឡេស៊ី បានចុះឆែកឆេរផ្ទះល្វែងមួយកន្លែងនៅតំបន់ Taman Merdeka ក្នុងក្រុងអ៊ីប៉ូ (Ipoh)។ អ្នកណាក៏នឹកស្មានមិនដល់ដែរថា ផ្ទះសាមញ្ញមួយខ្នងនេះ បែរជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមអ៊ីនធឺណិត ដែលចាំតែបោកប្រាស់ជនជាតិជប៉ុន។ នៅកន្លែងកើតហេតុ ប៉ូលិសចាប់ខ្លួនបានមនុស្ស ៧ នាក់ ក្នុងនោះ ៦ នាក់ជាជនជាតិជប៉ុន និងម្នាក់ទៀតជាជនជាតិម៉ាឡេស៊ី ដោយពួកគេមានអាយុចាប់ពី ២២ ដល់ ៥៨ ឆ្នាំ។ លុះដល់យប់ថ្ងៃទី១៨ ខែកញ្ញា ទើបសមត្ថកិច្ចប្រកាសព័ត៌មាននេះជាសាធារណៈ។

ទីតាំងឆបោកមួយនេះ ទើបតែបើកដំណើរការបានប្រហែលមួយខែប៉ុណ្ណោះ ពោលគឺចាប់តាំងពីពាក់កណ្តាលខែសីហាមក។ ល្បិចកលរបស់ពួកគេគឺសាមញ្ញទេ ដោយដើរបន្លំខ្លួនធ្វើជាមិត្តភក្តិតាមបណ្តាញសង្គម រួចតម្រង់ទិសដៅបោកប្រាស់ប្រជាជននៅស្រុកជប៉ុនតែម្តង។ ប៉ូលិសដកហូតបានទូរសព្ទ ១៦ គ្រឿង កុំព្យូទ័រយួរដៃ ១ គ្រឿង រ៉ោទ័រ Wi-Fi ១ គ្រឿង និងកូនសោផ្ទះ ដែលវត្ថុតាងទាំងអស់នេះមានតម្លៃសរុបប្រហែល ២ ម៉ឺនរីងហ្គីតម៉ាឡេស៊ី។

អាជ្ញាធរបានឱ្យដឹងថា ជនជាតិជប៉ុនទាំង ៦ នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នរហូតដល់ថ្ងៃទី២០ ខែកញ្ញា ចំណែកឯបុរសជនជាតិម៉ាឡេស៊ីក៏ត្រូវឃុំខ្លួនសួរនាំដូចគ្នា ដោយប៉ូលិសកំពុងបន្តស្រាវជ្រាវស៊ីជម្រៅលើបទល្មើសឆបោក និងការសមគំនិតប្រព្រឹត្តបទល្មើស។

នៅម្តុំនោះ ផ្ទះជួលចាស់ៗខ្លះ មើលទៅស្ងាត់ជ្រងំ បិទវាំងននជិតឈឹង មានតែម៉ូតូប៉ុន្មានគ្រឿងចតចោលនៅខាងមុខ ប៉ុន្តែអ្នកណានឹកឃើញថា ខាងក្នុងផ្ទះស្ងាត់ៗនោះ បែរជាសំបុកក្រុមឆបោកបោះដៃឆ្លងកាត់ផ្ទៃសមុទ្រទៅបោកគេដល់ស្រុកជប៉ុនសោះ។