កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះ ប៉ូលិសនៅវៀងចន្ទន៍ ប្រទេសឡាវ បានចុះប្រតិបត្តិការក្តៅៗ ចូលឆែកឆេរផ្ទាល់នៅសណ្ឋាគារចំនួន ៤ កន្លែងក្នុងក្រុង ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងល្បែងស៊ីសងអនឡាញ។ ក្នុងប្រតិបត្តិការធំមួយនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ៤១ នាក់។ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះ គឺក្នុងចំណោម ៤១ នាក់នេះ មានជនជាតិថៃរហូតដល់ទៅ ៤០ នាក់ និងជនជាតិចិនតែ ១ នាក់ប៉ុណ្ណោះ។
សណ្ឋាគារទាំង ៤ ដែលត្រូវប៉ូលិសចូលឆែកឆេរនោះរួមមាន៖ សណ្ឋាគារ Eastin, Inthad, Minta និង La Sen។ កម្លាំងសមត្ថកិច្ចបានបែងចែកគ្នាចុះបង្រ្កាបក្នុងពេលតែមួយ ដោយនៅសណ្ឋាគារ Eastin ចាប់បាន ១២ នាក់, នៅ Minta ចាប់បាន ១០ នាក់, និងនៅ La Sen ចាប់បាន ៤ នាក់។ ចំណែកឯសណ្ឋាគារ Inthad វិញ គឺក្តៅគគុកជាងគេ ដោយឃាត់ខ្លួនបាន ១៥ នាក់ ក្នុងនោះមានជនជាតិចិនម្នាក់តែមួយគត់នោះ និងជនជាតិថៃ ១៤ នាក់ទៀត។ នៅក្នុងបន្ទប់សណ្ឋាគារ សមត្ថកិច្ចដកហូតបានសម្ភារប្រើប្រាស់សម្រាប់ធ្វើសកម្មភាពជាច្រើន រួមមានទូរស័ព្ទដៃ ៦២ គ្រឿង, កុំព្យូទ័រយួរដៃ ២៦ គ្រឿង និង iPad ៤ គ្រឿង តម្រៀបពេញបន្ទប់។
ឥឡូវនេះ អ្នកទាំង ៤១ នាក់ ត្រូវប៉ូលិសនាំខ្លួនទៅសួរនាំ និងចាត់ការតាមផ្លូវច្បាប់បន្តហើយ។ សណ្ឋាគារលំដាប់បង្គួរទាំងនេះ មើលពីក្រៅឃើញស្អាតបាត សឡាត មានភ្ញៀវចេញចូលរៀបរយធម្មតា ម្នាក់ៗនឹកស្មានមិនដល់សោះថា ពេលបិទទ្វារបន្ទប់ជិត ខាងក្នុងប្រែក្លាយជាកន្លែងដាក់កុំព្យូទ័រ និងទូរស័ព្ទតម្រៀបគ្នាធ្វើសកម្មភាពឆបោក និងបើកល្បែងអនឡាញសោះ។ នៅខាងក្រៅ សំឡេងម៉ូតូបើកប្រជែងគ្នានៅតែលាន់ទ្រហឹង អមដោយតូបលក់កាហ្វេទឹកកកតាមចិញ្ចើមផ្លូវ ឯក្រុមឆបោកទាំងនេះខំសម្ងំធ្វើស្ងាត់ៗក្នុងបន្ទប់សណ្ឋាគារ តែចុងក្រោយត្រូវប៉ូលិសគោះទ្វារចាប់ខ្លួន អស់លក្ខណ៍តែម្តង។




