កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ នៅលើស្ពានមិត្តភាពឡាវ-ថៃ ទី១ មានការប្រគល់ខ្លួនជនសង្ស័យទ្រង់ទ្រាយធំមួយ ដោយសមត្ថកិច្ចឡាវបានប្រគល់ជនជាតិថៃចំនួន ១២៩នាក់ (ក្នុងនោះមានស្រ្តី ៥៧នាក់) ទៅឱ្យប៉ូលិសថៃ។ អ្នកទាំងនោះសុទ្ធតែជាមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ និងល្បែងស៊ីសងតាមអ៊ីនធឺណិត ដែលកន្លងមកលួចជួលផ្ទះ និងសណ្ឋាគារនៅវៀងចន្ទន៍ដើម្បីធ្វើសកម្មភាព តែឥឡូវត្រូវគេចាប់បញ្ជូនត្រឡប់ទៅស្រុកកំណើតវិញអស់ហើយ។
ក្រុមនេះត្រូវគេតាមដានយូរក្រែលដែរ។ លុះដល់ថ្ងៃទី២៨ ខែសីហា កម្លាំងសមត្ថកិច្ចឡាវបានបើកប្រតិបត្តិការចុះបង្ក្រាបឆែកឆេរទីតាំងចំនួនពីរក្នុងស្រុកសាយសេដ្ឋា រាជធានីវៀងចន្ទន៍ គឺសណ្ឋាគារ Mangrove និងអាផាតមិន Gallery ដោយចាប់បានមួយសំបុកធំតែម្តង។ នៅទីនោះ ផ្ទះជួល ឬសណ្ឋាគារខ្លះ មើលពីក្រៅដូចគ្មានរឿងអីចម្លែកទេ ប៉ុន្តែទ្វារបង្អួចបិទជិតឈឹង ហើយមនុស្សខាងក្នុងអង្គុយមុខកុំព្យូទ័រធ្វើការវេនយប់ ទាំងហូប ទាំងដេក នៅក្នុងអាគារហ្នឹងតែម្តង។
ក្រោយបញ្ជូនមនុស្សរួច ខាងអាជ្ញាធរឡាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បើឃើញមានតម្រុយ ឬសកម្មភាពបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អាចរាយការណ៍ផ្ទាល់តាមទូរស័ព្ទ Hotline លេខ ១៥៣៣ បាន។ បច្ចុប្បន្ន សមត្ថកិច្ចឡាវកំពុងរឹតបន្តឹងការត្រួតពិនិត្យតាមដងផ្លូវខ្លាំងណាស់ ធ្វើឱ្យពួកអ្នកលួចសម្ងំតាមសណ្ឋាគារ និងអាផាតមិនដើម្បីឆបោកគេនោះ កាន់តែពិបាករស់ហើយ។




